មេដឹកនាំប្រទេសនីហ្សេរីយ៉ា បានអំពាវនាវឱ្យបញ្ចប់ការតវ៉ាប្រឆាំងវិបត្តិនៃការហក់ឡើងតម្លៃទំនិញធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ ដែលការតវ៉ាបានបណ្តាលឱ្យមនុស្សច្រើននាក់ស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាជាមួយនគរបាល។ ការថ្លែងលើកឡើងកាលពីថ្ងៃអាទិត្យ គឺជាលើកដំបូងរបស់ ប្រធានាធិបតី លោកBola Tinubu ចាប់តាំងពីក្រុមបាតុករ បានចេញធ្វើបាតុកម្ម កាលពីសប្តាហ៍មុន។
លោកនិយាយថា «ពលរដ្ឋនីហ្សេរីយ៉ា ជាទីគោរពស្រលាញ់របស់ខ្ញុំ ជាពិសេសយុវជនរបស់យើង ខ្ញុំបានស្តាប់លឺអំពីអ្នក ហើយច្បាស់លាស់»។ «ខ្ញុំយល់ពីទុក្ខលំបាក និងការខកចិត្ត ដែលជំរុញឱ្យមានការតវ៉ាទាំងនេះ ហើយខ្ញុំចង់ធានាចំពោះអ្នកថា រដ្ឋាភិបាលរបស់យើងប្តេជ្ញាស្តាប់និងដោះស្រាយកង្វល់របស់ពលរដ្ឋយើង។ ប៉ុន្តែយើងមិនត្រូវបណ្តោយឲ្យអំពើហិង្សា និងការបំផ្លិចបំផ្លាញ ញាំញីប្រទេសរបស់យើងឡើយ»។
អង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា មនុស្សយ៉ាងហោចណាស់១៣ នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ នៅថ្ងៃដំបូងនៃការតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។ ទោះជាយ៉ាងណា នគរបាលបានច្រានចោលការប្រើកម្លាំងហួសហេតុ និងបាននិយាយថា មានមនុស្សតែ៧នាក់ប៉ុណ្ណោះបានស្លាប់ គិតត្រឹមថ្ងៃសៅរ៍ រួមទាំងអ្នកបង្កហិង្សាដោយប្រើឧបករណ៍បំផ្ទុះ និងម្នាក់ផ្សេងទៀត ត្រូវបានបាញ់ដោយឆ្មាំល្បាត នៅពេលក្រុមអ្នកតវ៉ា បានចូលលួចទំនិញនៅក្នុងហាងមួយកន្លែង។
បាតុករ និយាយថា ពាក្យសម្ដីរបស់ប្រធានាធិបតី គឺមិនសមហេតុផលនោះទេ អ្វីដែលប្រធានាធិបតីបាននិយាយ គ្មានន័យអ្វីទាំងអស់។ ប្រជាជននីហ្សេរីយ៉ា កំពុងតវ៉ាប្រឆាំងការលំបាកចំពោះបញ្ហាសេដ្ឋកិច្ច អភិបាលកិច្ចមិនល្អ និងអំពាវនាវឲ្យកាត់បន្ថយតម្លៃប្រេងសាំង និងតម្លៃអគ្គិសនី ក្នុងចំណោមតម្រូវការផ្សេងៗទៀត។
ក្រុមអ្នកតវ៉ា មានកំហឹងចំពោះកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រធានាធិបតី លោក Tinubu ដែលនាំឱ្យមានអតិផរណាហក់ឡើង។ ទោះជាយ៉ាងណា លោក Tibubu បានការពារកំណែទម្រង់របស់លោក ដែលរួមមានការកាត់បន្ថយការឧបត្ថម្ភធន និងការទម្លាក់តម្លៃប្រាក់ណៃរ៉ា(naira) ដែលមានសារៈសំខាន់ក្នុងការកែតម្រូវការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ ពីមុនមក។