គណបក្ស There Is Such a People (ITN) ដ៏តូចមួយរបស់ប្រទេសប៊ុលហ្គារី បានប្រគល់អាណត្តិបង្កើតរដ្ឋាភិបាលជូនទៅលោកប្រធានាធិបតី លោក Rumen Radev នៅថ្ងៃចន្ទ (ទី៥ ខែសីហា) បន្ទាប់ពីគណបក្សនេះមិនអាចធ្វើឲ្យរដ្ឋាភិបាលចម្រុះដែលមានស្ថិរភាពមួយលេចរូបរាងឡើង ដោយនាំឲ្យប្រទេសនេះធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតសភាជាលើកទី៧ ក្នុងរយៈពេល ៣ឆ្នាំ។
ក្នុងនាមជាគណបក្សជាប់ចំណាត់ថ្នាក់ទី៦ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី៨ ខែមិថុនា ដោយទទួលបានត្រឹមតែ ១៦អាសនៈប៉ុណ្ណោះ ក្នុងសភាដែលមាន ២៤០អាសនៈ គណបក្ស ITN ត្រូវបានផ្តល់អាណត្តិនៅថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីគណបក្សស្ដាំនិយមកណ្ដាល GERB និងគណបក្សកំណែទម្រង់ We Continue the Change (PP) មិនអាចឈានដល់ការបង្កើតរដ្ឋាភិបាលមួយបាន។
ប្រធានគណបក្ស ITN លោក Toshko Iordanov បានប្រាប់លោក Radev ថា៖ «យើងបានរកឃើញថា យើងមិនមានគោលដៅរួមគ្នានោះទេ។ ដូច្នេះ យើងសូមជូនត្រឡប់ទៅវិញនូវអាណត្តិដែលមិនបានបំពេញនេះ»។
ឥឡូវនេះ លោក Radev ត្រូវតែតែងតាំងនាយករដ្ឋមន្ត្រីចាំផ្ទះ ហើយមានរយៈពេលប៉ុន្មានថ្ងៃ ដើម្បីប្រកាសពីការបោះឆ្នោតបន្ទាន់ ជាការបោះឆ្នោតលើកទី៧ ចាប់តាំងពីឆ្នាំ២០២១ ដែលត្រូវតែកើតឡើងក្នុងរង្វង់រយៈពេល ២ខែ៕