អ្នកគាំទ្ររាប់ពាន់នាក់របស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ដែលជាប់ពន្ធនាគារបានមកប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំមួយកាលពីថ្ងៃចន្ទ នៅក្នុងទីក្រុង Swabi ភាគពាយព្យប្រទេសប៉ាគីស្ថាន រៀបចំខួបមួយឆ្នាំចាប់តាំងពីការឃុំខ្លួនលោក។ ដោយគ្រវីទង់ជាតិគណបក្ស និងមួក អ្នកចូលរួមបានស្រែកពាក្យស្លោកគាំទ្រអតីតនាយករដ្ឋមន្ត្រីដែលកំពុងជាប់ពន្ធនាគារ និងទាមទារឲ្យដោះលែងលោក។

លោក Gohar ប្រធានស្តីទីគណបក្ស PTI របស់ លោក Imran Khan បាននិយាយទៅកាន់ហ្វូងមនុស្សថា «ថ្ងៃនេះ យើងបង្ហាញពីសាមគ្គីភាពជាមួយលោក Khan»។
លោក Khan ត្រូវបានកាត់ទោសក្នុងសំណុំរឿងចំនួន៤នៅមុនការបោះឆ្នោតជាតិកាលពីខែកុម្ភៈ ហើយបានជាប់ពន្ធនាគារតាំងពីខែសីហាឆ្នាំមុន ប៉ុន្តែទោសទាំងអស់ប្រឆាំងលោកត្រូវបានលុបចោល ឬព្យួរចាប់តាំងពីពេលនោះមក។

លោក Khan បានបាត់បង់អំណាចនៅក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅក្នុងសភា បន្ទាប់ពីមានបញ្ហាចម្រូងចម្រាសជាមួយឧត្តមសេនីយ៍ច្រើនរូប ដែលបាននិយាយថា កងទ័ពបានគាំទ្រនូវអ្វីដែលលោកចាត់ទុកថាករណីនយោបាយប្រឆាំងរូបលោក ដែលយោធាបានបដិសេធ។
កងទ័ព ដែលបានគ្រប់គ្រងប្រទេសប៉ាគីស្ថានអស់រយៈពេលជាងពាក់កណ្តាលនៃប្រវត្តិសាស្ត្រឯករាជ្យរយៈពេល៧៦ឆ្នាំ បានដើរតួនាទីយ៉ាងធំនៅក្នុងផ្នែកនយោបាយ និងការគ្រប់គ្រងរបស់ប្រទេសដែលមានប្រជាជនចំនួន២៤០លាននាក់។
ការជាប់ពន្ធនាគាររបស់លោក Khan បានបន្ថែមភាពប្រែប្រួលផ្នែកនយោបាយនៅក្នុងប្រទេសប៉ាគីស្ថាន ដែលបានជួបប្រទះវិបត្តិសេដ្ឋកិច្ចអូសបន្លាយពេល ហើយកាលពីខែមុន បានទទួលថវិកាសង្គ្រោះពីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)។