ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ប្រជាកសិករនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលតែងតែខាតបង់ផលដំណាំ ដោយសារបញ្ហាជំនន់ទឹកភ្លៀងស្ទើរតែរៀងរាល់ឆ្នាំ គួរពិចារណារួមគ្នាផលិតជាទម្រង់សហគមន៍ ដើម្បីការពារសមាជិកម្នាក់ៗពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ ខណៈពេលដែលក្នុងឆ្នាំនេះ ជាង៥០% នៃដំណាំស្រូវ ៨១៥ហិកតា ដែលទើបទទួលរងផលប៉ះពាល់ពីទឹកជំនន់ ខូចខាតធ្ងន់ធ្ងរមិនអាចស្តារឡើងវិញបាន។
ឯកឧត្តម បានសសេរទៀតថា បើតាមលក្ខខណ្ឌភូមិសាស្ត្រ តំបន់នេះ គឺជាទីតាំងទំនាបខ្លាំង និងកន្លែងមុខទឹកហូរកាត់ពីផ្ទៃរងទឹកភ្លៀងនៃជួរភ្នំក្រវ៉ាញទៅកាន់បឹងទន្លេសាប ងាយនឹងរងជំនន់ទឹកភ្លៀងណាស់។ ជាទូទៅ មួយឆ្នាំធ្វើស្រែបានតែម្តង និងសមស្របជាមួយប្រភេទស្រូវឡើងតាមទឹកតែប៉ុណ្ណោះ។ ឯកឧត្តមបានបន្ថែមទៀតថា ការបង្កបង្កើនផលស្រូវស្រាលពិតជាប្រថុយប្រថានខ្ពស់ ទាមទារឱ្យមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រច្រើន និងមានផែនការច្បាស់លាស់ទើបអាចធ្វើទៅបាន ហើយក៏ប្រហែលត្រូវធ្វើពិពិធកម្មជាប្រភេទដំណាំផ្សេងបន្ថែមក្រៅពីស្រូវផងដែរ។
ឯកឧត្តម ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា ទាំងអស់ខាងលើនេះ ពិតជាពិបាកសម្រេចបានសម្រាប់កសិករធ្វើជាលក្ខណៈគ្រួសារ តែអាចធ្វើឡើងក្នុងទម្រង់ជាសហគមន៍បាន។ នេះគឺជាដំណោះស្រាយមួយដែលបងប្អូនកសិករបានព្រមនឹងទទួលយកទៅពិចារណា ចំណែកឯការជួយជាគ្រាប់ពូជសម្រាប់ការបង្កបង្កើនផលឡើងវិញត្រូវរង់ចាំរហូតដល់ខែវិច្ឆិការក្រោយទឹកស្រកវិញទើបអាចធ្វើទៅបាន៕






