មេដឹកនាំក្រុមហេសបូឡា(Hezbollah) កាលពីថ្ងៃអង្គារ ទី៦សីហា បានសន្យាថានឹងឆ្លើយតបយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាពចំពោះការសម្លាប់មេបញ្ជាការយោធារបស់ខ្លួនដោយអ៊ីស្រាអែលកាលពីសប្តាហ៍មុន មិនថាមានផលវិបាកប៉ុណ្ណានោះទេ ហើយបាននិយាយថា ក្រុមប្រដាប់អាវុធមួយនេះ នឹងវាយបកតែម្នាក់ឯង ឬជាមួយក្រុមសម្ព័ន្ធមិត្តក្នុងតំបន់។

លោក Sayyed Hassan Nasrallah បាននិយាយថា ក្រុមហេសបូឡា នឹងរង់ចាំពេលវេលាសមស្របដើម្បីឆ្លើយតប ប៉ុន្តែពុំបានប្រាប់ពីទម្រង់ ឬពេលវេលានោះទេ។
លោកបាននិយាយថា រាល់ការប៉ុនប៉ងអន្តរជាតិក្នុងការបញ្ចុះបញ្ចូល ក្រុមហេសូឡា មិនឱ្យសងសឹកគឺឥតប្រយោជន៍នោះទេ។
លោកបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដើម្បីរំលឹកខួបមួយសប្តាហ៍ចាប់តាំងពីការធ្វើឃាតមេបញ្ជាការយោធាក្រុមនេះ លោក ហ្វ៊ូអាដ សុកឺ (Fuad Shukr) នៅទីក្រុង បេរូត (Beirut)ប្រទេសលីបង់ ថា "ទោះត្រូវជួបផលវិបាកយ៉ាងណាក៏ដោយ ការតស៊ូនឹងមិនអនុញ្ញាតឱ្យការវាយប្រហាររបស់អ៊ីស្រាអែលទាំងនេះកន្លងផុតទៅដោយមិនមានវិធានការសងសឹកវិញនោះទេ។

លោកថា គ្មាននរណាម្នាក់នៅលីបង់ ឬក្រៅប្រទេស អាចស្នើឲ្យយើងគិតថាការរុកកួនដែលបានកើតឡើងកាលពីថ្ងៃអង្គារសប្ដាហ៍មុនគឺជាការឈ្លានពានធម្មតាក្នុងបរិបទនៃការប្រយុទ្ធ ដែលនៅតែបន្តរយៈពេល១០ខែមកនេះបានទេ៕