សេតវិមានបាននិយាយថាការចរចាដោះលែងចំណាប់ខ្មាំង១១៥នាក់ ពីដែនដីហ្កាហ្សា កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ កាលពីថ្ងៃអង្គារ ខណៈព្យាយាមបញ្ចៀសការវាយប្រហារសងសឹកពីសំណាក់ក្រុមចលនាប្រដាប់អាវុធហេសបូឡា និងអ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល។

លោកប្រធានាធិតីអាមេរិក Joe Biden កាលពីថ្ងៃអង្គារបានពិភាក្សាជាមួយក្រុមមេដឹកនាំមកពីប្រទេសចំនួន២ដែលកំពុងចូលរួមការសម្របសម្រួលឲ្យមានការដោះលែងចំណាប់ខ្មាំង គឺមេដឹកនាំកាតា Amir Sheikh Tamim Bin Hamad al Thani និងប្រធានាធិបតីអេហ្ស៊ីប Fattah El-Sisi។

សេតវិមានបាននិយាយថា អំឡុងជំនួបតាមទូរស័ព្ទ លោក Biden បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ រួមទាំងបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងបន្ទាន់ ។
លោកប្រធានាធិបតី និងមេដឹកនាំទាំង២ បានព្រមព្រៀង លើភាពបន្ទាន់នៃការសម្រេចបានកិច្ចព្រមព្រៀង ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក Biden បានហៅការចរចានានា ជាបានឈានចូលដល់ដំណាក់កាលចុងក្រោយហើយ។ លោកចង់ឲ្យសង្គ្រាមចប់ លោកចង់ឲ្យចំណាប់ខ្មាំងបានវិលទៅផ្ទះជួបជុំក្រុមគ្រួសារពួកគេវិញ ។
លោកប្រធានាធិបតី Joe Biden និងលោកស្រី Kamala Harris បានទទួលរបាយការណ៍ពីក្រុមសន្តិសុខជាតិរបស់ខ្លួនស្ដីពីការវិវឌ្ឍន៍ថ្មីៗក្នុងតំបន់មជ្ឈិមពូព៌ា រួមទាំងការគំរាមសងសឹកពីអ៊ីរ៉ង់ និងក្រុមតំណាងរបស់ខ្លួនចំពោះកងទ័ពអាមេរិក ៕