បាល់ទាត់៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសរូបមន្ដប្រកួតជុំទី២ នៃលីគកំពូលកម្ពុជាឆ្នាំ២០២១ ជាផ្លូវការហើយដោយរក្សាការបែងចែកជាពីរដដែល តែប្លែកពីរដូវកាលមុនបន្ដិចដោយលក្ខខណ្ឌទី១ សម្រាប់ក្រុមមានពិន្ទុខ្ពស់ជាងគេ ៨ក្រុម ឬហៅថា ក្រុម Top-8 ក្រោយបញ្ចប់ជុំទី១ នឹងត្រូវប្រកួតវិលជុំនៅជុំទី២ ដើម្បីប្រជែងឯក ខណៈ ៥ក្រុមមានពិន្ទុតិចជាងគេនឹងត្រូវប្រកួតជម្រុះរកក្រុមត្រូវកាត់ចេញពីលីគឆ្នាំ២០២២។
ការបញ្ជាក់នេះបានធ្វើឡើងក្នុងពិធីចាប់ឆ្នោតត្រៀមប្រកួតជុំទី២ កាលពីថ្ងៃទី៧ ខែកញ្ញានេះ ស្របពេលការប្រកួតជុំទី១ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខ។ ដូច្នេះក្រោយបញ្ចប់ការប្រកួតជុំទី១ សម្រាប់ក្រុមឈរលេខរៀងទី១ ដល់លេខរៀងទី៨ នឹងត្រូវប្រកួតវិលជុំចំនួន ១ជុំទៀត ហើយក្រុមរកបានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាជើងឯក។ ចំណែកក្រុមឈរលេខរៀងទី៩ ដល់លេខរៀងទី១៣ នឹងត្រូវប្រកួតវិលជុំចំនួន ១ជុំដូចគ្នា ហើយចុងបញ្ចប់នៃការប្រកួតវិលជុំក្រុមឈរលេខរៀងទី១៣ នឹងត្រូវកាត់ចេញពីលីគរដូវកាលក្រោយ។ គួរដឹងថា ការផ្លាស់ប្ដូររូបមន្ដប្រកួតនៅជុំទី២ នៃលីគកំពូលកម្ពុជាដោយសារវិបត្តិកូវីដ-១៩ ដែលនាំឲ្យការប្រកួតត្រូវបានអូសបន្លាយក្រោយការពន្យារពេលចំនួន ២លើកមិនអាចឲ្យការប្រកួតដំណើរការតាមផែនការបាន។ នេះគឺជាឆ្នាំទី២ ផងដែរ ដែលលីគបានប្ដូររូបមន្ដប្រកួតនៅជុំទី២ បន្ទាប់ពីឆ្នាំ២០២០ ដែល CNCC បានបែងចែកការប្រកួតជាពីរដូចគ្នា តែកំណត់ក្រុមមានពិន្ទុខ្ពស់ជាងគេ ៦ក្រុមដើម្បីប្រកួតវិលជុំដណ្ដើមពាន ផ្ទុយពីរដូវកាលនេះដោយសារគណៈកម្មការ ក៏ដូចជាសហព័ន្ធសម្លឹងឃើញលីគមានការប្រកួតប្រជែងខ្លាំង ក៏សម្រេចកំណត់ក្រុមមានពិន្ទុខ្ពស់ជាងគេ ៨ក្រុមក្នុងចំណោម ១៣ក្រុមដើម្បីប្រកួតវិលជុំដណ្ដើមជើងឯកវិញ។
សូមបញ្ជាក់ថា បច្ចុប្បន្នលីគកំពូលកម្ពុជាទើបដំណើរការប្រកួតបាន ១២សប្ដាហ៍ ខណៈសល់ការប្រកួតមួយសប្ដាហ៍ទៀតទើបបញ្ចប់ការប្រកួតសន្សំពិន្ទុជុំទី១។ ចំពោះលទ្ធផលបណ្ដោះអាសន្ន ក្រុមវិសាខាកំពុងឈរកំពូលតារាងមាន ២៥ពិន្ទុ តាមពីក្រោយដោយក្រុមការពារតំណែងជើងឯកបឹងកេតមាន ២៤ពិន្ទុ ខណៈក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ឈរលេខ៣ និងលេខ៤ មាន ២២ពិន្ទុស្មើគ្នា។ រីឯក្រុមអង្គរថាយហ្គឺរឈរលេខ៥ មាន ២១ពិន្ទុ, ក្រុមណាហ្គាវើលដ៏ឈរលេខ៦ មាន ១៩ពិន្ទុ, ក្រុមកងយោធពលខេមរភូមិន្ទឈរលេខ៧ មាន ១៦ពិន្ទុ និងក្រុមគិរីវង់ឈរលេខ៨ មាន ១២ពិន្ទុបណ្ដោះអាសន្ន៕
អត្ថបទ៖ លី ឈុនឡា