បាល់ទាត់៖ ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo បានចាប់ផ្តើមហ្វឹកហាត់ជាលើកដំបូងជាមួយក្រុមបិសាចក្រហម Manchester United តាំងពីផ្លាស់ពី Juventus។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះបានមកដល់ទីក្រុង Manchester កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីជួយក្រុមព័រទុយហ្កាល់យកឈ្នះសាធារណរដ្ឋអៀកឡង់នៅវគ្គជំរុះ World Cup ២០២២ តំបន់អឺរ៉ុប និងជាពិសេសនោះគឺរកបានពីរគ្រាប់ម្នាក់ ដើម្បីបំបែកកំណត់ត្រាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេឱ្យក្រុមជំរើសជាតិ។ Cristiano Ronaldo ទំនងជានឹងអាចបង្ហាញខ្លួនលើកដំបូងនៃការវិលត្រលប់មកវិញនៅពេល Manchester United ទទួល Newcastle United ចុងសប្តាហ៍នេះ។

សូមបញ្ជាក់ថា Cristiano Ronaldo បានមកកាន់ Manchester United សារជាថ្មីក្នុងតម្លៃ ១៩.៨លានផោនផ្ទេរពី Juventus ហើយកីឡាករវ័យ ៣៦ឆ្នាំរូបនេះនឹងទទួលបានប្រាក់កំរៃ ៣៨៥០០០ផោនក្នុងមួយសប្តាហ៍៕
អត្ថបទ៖នាង សុភាវុធ