រដ្ឋអាជ្ញាទទួលបន្ទុកសំណុំរឿងពន្ធដារអាមេរិកប្រឆាំងនឹងលោក Hunter Biden បានចោទប្រកាន់រូបលោកពីបទទទួលយកការទូទាត់ពីពាណិជ្ជកររូម៉ានី ដែលស្វែងរកការ «ប្រើឥទ្ធិពលលើភ្នាក់ងាររដ្ឋាភិបាលអាមេរិក» ពាក់ព័ន្ធនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្ម នៅក្នុងប្រទេសរូម៉ានី។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានធ្វើការចោទប្រកាន់នេះ នៅក្នុងឯកសារ កាលពីថ្ងៃទី៧ ខែសីហានៅក្នុងតុលាការសហព័ន្ធទីក្រុង Los Angeles ជាទីដែលកូនប្រុសរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ប្រឈមនឹងការកាត់ក្តី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែកញ្ញា ជុំវិញការចោទប្រកាន់ពីបទគេចពន្ធ។ លោកបានអះអាងថា លោកមិនមានកំហុសនោះទេ។
សារព័ត៌មាន ABC បានបញ្ជាក់ថា បណ្តឹងនេះ កើតចេញពីការធ្វើការងាររបស់លោក Hunter Biden សម្រាប់លោក Gabriel Popoviciu ជាអ្នកមានទ្រព្យសម្បត្តិជនជាតិរូម៉ានី ដែលត្រូវបានគេកំណត់ថា ជា «G.P» នៅក្នុងឯកសារនេះ និងជាអ្នកដែលរដ្ឋអាជ្ញានិយាយថា បានជួលលោក Hunter Biden សម្រាប់ការងារផ្លូវច្បាប់ នៅចុងឆ្នាំ២០១៥ នៅពេលដែលលោក Joe Biden កាន់តួនាទីជាអនុប្រធានាធិបតីអាមេរិក។ សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់បានដោយឯករាជ្យឡើយថា ពាក្យកាត់ «G.P» គឺជាលោក Popoviciu មែន ឬយ៉ាងណា។
ចំណែកមេធាវីរបស់លោក Hunter Biden មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ហើយរដ្ឋអាជ្ញាមិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើស្រដៀងគ្នានេះ។ រីឯសេតវិមាន បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទេ។ លោក Popoviciu ក៏មិនអាចទាក់ទងបានភ្លាមៗ នៅក្រៅម៉ោងធ្វើការផងដែរ៕