ទឹកកខ្វក់ សំរាម និងមនុស្សរស់នៅច្រើនពេក គួបផ្សំជាមួយសីតុណ្ហភាពក្តៅខ្លាំង បណ្តាលឲ្យមានការហក់ឡើងខ្ពស់ករណីកើតជំងឺសើស្បែកនៅតំបន់ហ្កាហ្សាស្រ្ទីប ។
ដោយគ្រួសារជម្លៀសខ្លួនរស់នៅកកកុញតាមសាលារៀន និងទីជម្រក ហើយនិងកង្វះខាតទឹកស្អាត ក្មេងៗ និងមនុស្សពេញវ័យ បង្ហាញសញ្ញាកើនឡើងនៃការកើតជំងឺ និងជំងឺសើស្បែក ដែលគ្រូពេទ្យ និយាយថា ពួកគេស្ទើតែពុំអាចព្យាបាលបាន ដោយសារខ្សត់គ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត ។
លោកវេជ្ជបណ្ឌិត Wissam Al-Sakani គឺជាអ្នកនាំពាក្យមន្ទីរពេទ្យ Kamal Adwan និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងនឹងប្រឈមគ្រោះមហន្តរាយធំ បើសិនជាអង្គការសំខាន់ៗ និងអង្គការសុខភាពពិភពលោក(WHO) ពុំធ្វើអន្តរាគមន៍ទេនោះ ។
លោកបន្តថា លូទឹកស្អុយរួមចំណែកនាំឲ្យមានការរីករាលដាលឆ្លងជំងឺជាច្រើនផងដែរ រួមទាំងជំងឺស្វិតដៃជើង ។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បានប្រកាសការរីករាលដាលឆ្លងជំងឺស្វិតដៃជើង នៅក្នុងដែនដីបិទច្រកប៉ាឡេស្ទីនមួយនេះ កាលពីខែមុន ដោយពួកគេបានដាក់ការស្តីបន្ទោសលើការវាយលុកកំពុងបន្តរបស់អ៊ីស្រាអែល ៕