បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នាំមុខលោក ដូណាល់ត្រាំ (Donald Trump) បេក្ខភាពមកពីគណបក្សសាធារណរដ្ឋ ចំនួន ៥ពិន្ទុក្នុងតួលេខ ៤២ភាគរយទល់នឹង ៣៧ភាគរយ ក្នុងការប្រជែងតំណែងសម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី០៥ ខែវិច្ឆិកា នេះបើយោងតាមការស្ទង់មតិរបស់ស្ថាប័នស្រាវជ្រាវ អ៊ីបសូស (Ipsos) ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (០៨ សីហា)។

ការស្ទង់មតិនេះបានរកឃើញថា លោកស្រី Harris បានពង្រីកការនាំមុខរបស់ខ្លួនចាប់តាំងពីការស្ទង់មតិកាលពីថ្ងៃទី ២២-២៣ ខែកក្កដា របស់សារព័ត៌មាន រ៉យទ័រ និង Ipsos មកដែលធ្លាប់បានរកឃើញថាលោកស្រីទទួលបានការគាំទ្រ ៣៧ភាគរយទល់នឹង ៣៤ភាគរយលើសលោក Trump។ សូមបញ្ជាក់ថា Ipsos បានធ្វើការស្ទង់មតិខែសីហានេះដោយឯករាជ្យពីរ៉យទ័រ។

នៅក្នុងការស្ទង់មតិដាច់ដោយឡែកមួយ Ipsos បានរកឃើញថា លោកស្រី Harris នាំមុខលោក Trump ចំនួន ៤២ភាគរយទល់នឹង ៤០ភាគរយនៅក្នុងរដ្ឋទាំងប្រាំពីរគឺ អារីហ្សូណា (Arizona), ចចា (Georgia), មីឈីហ្កាន់ (Michigan), ណេវ៉ាដា (Nevada), ណសខារ៉ូឡាញណា (North Carolina), ផិនស៊ីលវេនៀ (Pennsylvania) និង វីស្ខនស៊ិន (Wisconsin)។ តួលេខនោះមិនបានបំបែកលទ្ធផលដាច់ដោយឡែកសម្រាប់រដ្ឋនីមួយៗទេ។

លោកស្រី Harris បានចូលរួមក្នុងការប្រកួតប្រជែងកាលពីថ្ងៃទី២១ ខែកក្កដា នៅពេលដែលលោកប្រធានាធិបតី Joe Biden វ័យ ៨១ឆ្នាំបានបោះបង់បេក្ខភាព ហើយបានគាំទ្រលោកស្រី Harris។ ការស្ទង់មតិរបស់ Reuters និង Ipsos ភាគច្រើនកាលពីមុនបានបង្ហាញថា លោក Biden និងលោក Trump នាំមុខគ្នាប្រកៀកប្រកិតនៅពេលដែលលោក Biden នៅជាបេក្ខភាព ដោយបង្ហាញថាប្រធានាធិបតីរូបនេះបាត់បង់ការគាំទ្រដែលលោកធ្លាប់មាននៅចំណុចដូចគ្នាក្នុងការបោះឆ្នោតឆ្នាំ២០២០ ដែលពេលនោះលោកបានយកឈ្នះលើលោក Trump៕