ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយនៅថ្ងៃព្រហស្បតិ៍ ថា លោកបានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីហាមឃាត់ការចូលប្រើប្រាស់ទៅកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X រយៈពេល ១០ថ្ងៃ បន្ទាប់ពីបាននិយាយកាលពីពេលមុនថា ប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបានប្រើប្រាស់ដើម្បីញុះញង់ឲ្យមានអំពើហិង្សា ក្រោយការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស។

លោក Maduro បានរិះគន់ជាញឹកញាប់លើម្ចាស់ក្រុមហ៊ុន បណ្តាញ X លោក Elon Musk ចាប់តាំងពីការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ដែលក្រុមប្រឆាំងនិយាយថាខ្លួនបានទទួលជ័យជម្នះ ជាការទាមទារត្រូវបានគាំទ្រដោយរដ្ឋាភិបាលប្រទេសលោកខាងលិចជាច្រើន។ លោក Maduro បាននិយាយថា លោកបានចុះហត្ថលេខាលើក្រឹត្យ ដែលបង្ហាញដោយនិយតករ គណៈកម្មការទូរគមនា គមន៍ជាតិ ដែលបានសម្រេចយកបណ្តាញសង្គម X ដែលកាលពីពេលមុនត្រូវបានគេស្គាល់ថា Twitter មិនឲ្យធ្វើចរាចរណ៍ រយៈពេល១០ថ្ងៃ។

លោកបាននិយាយនៅក្នុងសុន្ទរកថាមួយ ដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋថា បណ្តាញ X ត្រូវបានផ្អាកដំណើរការក្នុងប្រទេសវេណេស៊ុយអេឡា រយៈពេល១០ថ្ងៃ! អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសវ៉េណេស៊ុយអេឡា និងលោក Maduro បាននិយាយថា លោកប្រធានាធិបតី បានឈ្នះអាណត្តិទី៣ នៅក្នុងការបោះឆ្នោត ទោះបីជាក្រុមប្រឆាំងទាមទារជ័យជម្នះ និងបាននិយាយថា ខ្លួនមានការរាប់សន្លឹកឆ្នោត ដើម្បីបញ្ជាក់ក៏ដោយ។ ទាំងលោក Maduro និងស្ថាប័នរៀបចំការបោះឆ្នោត ពុំបានបញ្ចេញចំនួនសន្លឹកឆ្នោតសរុបលម្អិតនោះទេ។ ប៉ុន្មានថ្ងៃក្រោយការបោះឆ្នោត ការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេស និងក្រៅប្រទេស ដោយប្រជាជនវេណេស៊ុយអេឡា បានអំពាវនាវឱ្យលោក Maduro ចុះចេញពីដំណែង និងឲ្យជ័យជម្នះទៅបេក្ខជនគណបក្សប្រឆាំងលោក Edmundo Gonzalez ដែលត្រូវបានទទួលស្គាល់។
លោក Maduro មានជម្លោះជាសាធារណៈជាមួយ លោក Musk ចាប់តាំងពីការបោះឆ្នោត ហើយបានហាមឃាត់បណ្តាញសង្គមនេះរយៈពេល១០ថ្ងៃ ដែលលោក Maduro បានចោទប្រកាន់លោក Musk ពីបទញុះញង់ឱ្យមានការស្អប់ខ្ពើម សង្គ្រាមស៊ីវិល និងការស្លាប់ប្រជាជន។