នាយករដ្ឋមន្ត្រីអង់គ្លេសលោក គា ស្តាម័រ (Keir Starmer) កាលពីថ្ងៃព្រហស្បតិ៍ ៨ សីហា បាននិយាយថា ការកាត់ទោសដ៏ធ្ងន់ធ្ងរ ចំពោះក្រុមអ្នកជាប់ពាក់ព័ន្ធក្នុងភាពវឹកវរ គឺជាការផ្ញើសារដ៏មានឥទ្ធិពល និងដើរតួក្នុងការទប់ស្កាត់អំពើហិង្សាបន្ថែមទៀត។

វត្តមានសន្តិសុខដ៏ច្រើនសន្ធឹកសន្ធាប់នៅទូទាំងដែនដីអង់គ្លេស និងការបង្ហាញការរួបរួម ដោយសហគមន៍មូលដ្ឋាន បានរារាំងការកើតឡើងជាថ្មីទៀតនៃកុបកម្មដែលកំពុងរីករាលដាល ត្រូវគេមើលឃើញនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ពាក់ព័ន្ធនឹងការវាយប្រហារប្រកាន់ពូជសាសន៍ដែលផ្តោតលើជនមូស្លីម និងជនអន្តោប្រវេសន៍។

ចក្រភពអង់គ្លេសបានរងការវាយប្រហារដោយកុបកម្មជាបន្តបន្ទាប់ក្រោយការសម្លាប់ក្មេងស្រីវ័យក្មេងបីនាក់ ក្នុងការវាយប្រហារដោយកាំបិតកាលពីថ្ងៃទី ២៩ខែកក្កដានៅទីក្រុង Southport ភាគពាយព្យ អង់គ្លេសដែលបង្កឱ្យមានរលកនៃការបង្ហោះតាមអ៊ីនធឺណិតពីព័ត៌មានមិនពិតដែលកំណត់អត្តសញ្ញាណឃាតករសង្ស័យនោះ ថាជាជនអន្តោប្រវេសន៍អ៊ីស្លាម។
ក្រុមស្តាំនិយមជ្រុល ដែលប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍គ្រោង នឹងមានការប្រមូលផ្តុំជាច្រើនបន្ថែមទៀត ។ ក្រុមអាជ្ញាធរអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហ្បសតិ៍សប្ដាហ៍នេះថា ពួកគេនៅតែត្រៀមកម្លាំងដដែលសម្រាប់ភាពរំជើបរំជួបដែលអាចកើតមានបន្ថែមទៀត ៕