ក្រុមអ្នកស្រុកនៅភូមិ ហ្គនជេ ណេឌែលជីស (Gornje Nedeljice) ក្នុងប្រទេសស៊ែរប៊ី បានបង្កឱ្យមានការតវ៉ាទូទាំងប្រទេសទាមទារឱ្យបញ្ឈប់ការសាងសង់អណ្តូងរ៉ែលីចូមអឺរ៉ុបដំបូងគេរបស់ក្រុមហ៊ុនជីករ៉ែ រីអូ ទីនតូ (Rio Tinto) ដោយព្រមានថាគម្រោងនោះនឹងបង្កកង្វក់ដីធ្លី និងគ្រោះថ្នាក់ដល់សុខភាពសាធារណៈ។

កាលពីខែមុន ស៊ែរប៊ីបានប្រគល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុន Rio Tinto ឡើងវិញដើម្បីអភិវឌ្ឍអ្វីដែលនឹងក្លាយជាអណ្តូងរ៉ែលីចូមដ៏ធំបំផុតរបស់អឺរ៉ុបនៅក្នុងតំបន់ ចាដា (Jadar) ភាគខាងលិចប្រទេសស៊ែរប៊ី រយៈពេលពីរឆ្នាំបន្ទាប់ពីគម្រោងនោះត្រូវបានលុបចោលដោយសារតែការតវ៉ាដោយក្រុមបរិស្ថាន។ ការព្រមានពីឥទ្ធិពលបំផ្លិចបំផ្លាញនៃការជីកយករ៉ែរបស់អ្នកភូមិ Gornje បានជំរុញឱ្យមនុស្សរាប់ពាន់នាក់ចេញតវ៉ាប្រឆាំងនឹងគម្រោងជីករ៉ែរបស់ Rio Tinto នៅក្នុងទីក្រុងរាប់សិបជុំវិញប្រទេសកាលពីខែកន្លងទៅ។

ក្រុមអ្នកតវ៉ាបានផ្តល់ពេលឱ្យរដ្ឋាភិបាលរហូតដល់ថ្ងៃទី១០ ខែសីហា ដើម្បីអនុម័តច្បាប់ហាមឃាត់ការរុករករ៉ែលីចូម។ រដ្ឋាភិបាលបានចាត់ទុកគម្រោងនេះថាជាមធ្យោបាយសំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចដែលមានបញ្ហារបស់ស៊ែរប៊ី ហើយរហូតមកដល់ពេលនេះមិនទាន់បានពិចារណាលើការទាមទារនោះនៅឡើយទេ។
ប្រសិនបើត្រូវបានអនុវត្ត គម្រោងរ៉ែលីចូមតម្លៃ ២,៤ពាន់លានដុល្លារនៅភាគខាងលិចស៊ែរប៊ីមួយនេះ អាចគ្របដណ្តប់ ៩០ភាគរយនៃតម្រូវការលីចូមបច្ចុប្បន្នរបស់អឺរ៉ុប និងធ្វើឱ្យ Rio Tinto ក្លាយជាក្រុមហ៊ុនផលិតលីចូមនាំមុខគេមួយរបស់ពិភពលោក៕