លោក Alexei Smirnov គឺជាអភិបាលស្តីទីតំបន់ Kursk របស់រុស្ស៊ី និយាយប្រាប់លោកប្រធានាធិបតី Vladimir Putin ថា ការជម្លៀសអ្នកស្រុក នឹងត្រូវធ្វើឡើងតាមរថយន្តក្រុង និងរថភ្លើង ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ កងកម្លំាងរុស្ស៊ី បានធ្វើសង្រ្គាមជាមួយទាហានអ៊ុយក្រែន សម្រាប់ថ្ងៃទី ៣ ក្រោយពួកគេវាយប្រហារឆ្លងកាត់ព្រំដែនរុស្ស៊ី ចូលក្នុងតំបន់ Kursk គឺជាការវាយប្រហារមួយបង្ខំឲ្យទីក្រុងម៉ូស្គូ ប្រកាសត្រៀមខ្លួន ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីរុស្ស៊ី បានឲ្យដឹងថា ស្ថិតក្នុងចំណោមការវាយប្រហារធំបំផុតរបស់អ៊ុយក្រែនលើរុស្ស៊ី ក្នុងសង្រ្គាមរយៈពេល ២ឆ្នាំកន្លងមកនេះ ទាហានអ៊ុយក្រែនប្រហែល ១ពាន់នាក់ បានឆ្លងកាត់ព្រំដែនរុស្ស៊ីកាលពីព្រឹកថ្ងៃទី ៦ ខែសីហា ជាមួយរថក្រោះ និងរថពាសដែក វាយប្រហារតាមអាកាសរបស់យានដ្រូន និងការផ្លោងគ្រាប់កាំភ្លើងធំ ។
ការប្រយុទ្ធគ្នា ត្រូវបានគេរាយការណ៍ថាកើតមាននៅជិតទីក្រុង Sudzha ជាកន្លែងដែលឧស្ម័នធម្មជាតិរុស្ស៊ី ហូរកាត់ប្រទេសអ៊ុយក្រែន ជាហេតុធ្វើឲ្យមានក្តីបារម្ភចំពោះការបញ្ឈប់ភ្លាមៗការហូរឆ្លងកាត់ទៅកាន់អឺរ៉ុប ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីអ៊ុយក្រែន និយាយថា ផ្លូវឆ្លងកាត់ឧស្ម័ននៅដំណើរការដូចធម្មតា ។
លោក Putinបានចាត់ទុកការវាយប្រហាររបស់អ៊ុយក្រែនថាជាការបង្ករឿងធំ ហើយលោក Smirnov និយាយថា អ្នកស្រុករាប់ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួន ។
ដោយឡែក ក្រសួងសុខាភិបាលរុស្ស៊ី និយាយថា ជនស៊ីវិល ៣១នាក់ រួមទាំងកុមារ ៦នាក់ បានរងរបួស ហើយលោក Smirnov និយាយកាលពីថ្ងៃអង្គារថា មនុស្ស ៥នាក់ ត្រូវបានសម្លាប់ ៕