ភ្នំពេញ ៖សមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា រៀបចំកម្មវិធីជួបជុំរវាងវិនិយោគិន និងអាជីវករថៃនៅកម្ពុជា, ហាត់ប្រាណដើម្បីសុខភាព មានសុខភាពនាំមកនូវកំលាំងមាំមួន និងការធ្វើការងារកាន់តែប្រសើរ និងក៏ជាកម្មវិធីជួបជុំសំណេះសំណាល ការប្តូរបទពិសោធន៍លើ លើការធ្វើអាជីវកម្ម ពាណិជ្ជកម្ម។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា លើកឡើងនៅក្នុងកម្មវិធី Bowling Charity 2024 នេះថា ជុំវិញការបង្កើតភាពជួបជុំ, សមាគមថៃបានបង្កើតកម្មវិធីជាច្រើនរួចមកហើយ តាមរយៈការជួបជុំផ្លាស់ប្តូរបទពិសោធន៍ លើការធ្វើអាជីវកម្ម ពាណិជ្ជកម្ម, ការបង្កើតកម្មវិធីអាហារសាមគ្គីជាដើម ព្រោះបច្ចុប្បន្នមានវិនិយោគិន អ្នកធ្វើអាជីវកម្ម និងពាណិជ្ជកម្ម ថៃជាច្រើន បានកំពុងរកស៊ីទទួលទាននៅលើទឹកដីកម្ពុជា ខណៈកម្ពុជាគឺជាប្រទេសមួយមានភាពអំណាយផល និងមានសក្តានុពល, គិតមកដល់ពេនេះ ប្រជាជនថៃបានចាប់អារម្មណ៍យ៉ាងខ្លាំង លើការបណ្តាក់ទុនរកស៊ីទទួលទាននៅលើមុខរបរផ្សេងៗ។
លោកស្រី បន្តថា ជាក់ស្តែងការបង្កើតកម្មវិធីបោះ Bowling នេះ សមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា បានបង្កើតកម្មវិធី នេះជារៀងរាល់ឆ្នាំ ដោយបានប្រមូលផ្តុំវិនិយោគិន និងអាជីវករថៃ ដែលកំពុងរកស៊ីទទួលទាននៅកម្ពុជា ក្នុងទិសដៅបង្កើតភាពកាន់តែ ស្និតស្នាល និងការហាត់ប្រាណដើម្បីសុខភាព ព្រោះកីឡាមានសារៈសំខាន់ណាស់ សម្រាប់សុខភាពរបស់យើងទាំងអស់គ្នា, មានសុខ ភាពល្អ នាំមកនូវកំលាំងមាំមួន និងធ្វើការងារក្នុងការរកស៊ីទទួលទានកាន់តែប្រសើរ។
ទាក់ទិនការធ្វើអាជីវកម្មវិញ, លោកស្រី ជីរ៉ាណាន់ វង្សមង្គល លើកឡើងបន្ថែមថា ស្របពេលស្ថានភាពពិភពលោកបង្ហាញនូវ សញ្ញាណវិជ្ជាមានជាបណ្តើរៗ និងស្របស្ថានភាពសេដ្ឋកិច្ចកម្ពុជាកំពុងរើបឡើងវិញ, ធុរកិច្ចថៃកំពុងបន្តការជួបជុំ ពិភាក្សា ពិគ្រោះ យោបល់រវាងគ្នាទៅវិញទៅមក ក្នុងនោះមិនត្រឹមការ ជួបជុំរវាងក្រុមធុរកិច្ចថៃប៉ុណ្ណោះទេ សមាគមក៏បានអញ្ជើញក្រុមហ៊ុនក្នុងស្រុក ដែលវិនិយោគដោយកម្ពុជា និងម្ចាស់ក្រុមហ៊ុនមកពី ប្រទេសផ្សេងៗទៀត បានជួបជុំផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ ដើម្បីស្ថាបនាលើ ចំណុចខ្វះខាតមួយចំនួន សម្រាប់ជាគន្លឹះអភិវឌ្ឍន៍ខ្លួនឱ្យចំគោលដៅ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារបច្ចុប្បន្ន ដោយជំរុញការធ្វើ អាជីវកម្មឱ្យកាន់តែរីកចម្រើន ដើម្បីចូលរួមចំណែកដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងថៃ ក៏ដូចជាការចូលចំណែកក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមរបស់កម្ពុជាផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី




