ពោធិ៍សាត់ ៖មន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ សហការជាមួយសាលាគណខេត្តបានបើកវគ្គបណ្តុះបណ្តាលគរុកោសល្យ កិច្ចតែងការបង្រៀនមុខវិជ្ជាពុទ្ធសាសនាជូនដល់គ្រូជាប់កិច្ចសន្យានៃមន្ទីរធម្មការនិងសាសនាខេត្តចំនួន៦១អង្គ/នាក់ រយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១០ ដល់ថ្ងៃទី១២ខែសីហា ឆ្នាំ២០២៤ នៅវត្តពោធិ៍សុទស្សន៍ស្ថិតក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ដោយបានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណខេត្តទាំង២គណៈព្រះអនុគណស្រុក-ក្រុង និងថ្នាក់ដឹកនាំមន្ទីរធម្មការនិងសាសនាខេត្ត។
ក្នុងឱកាសនោះ ព្រះតេជគុណ កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តកែវវិជ័យ មានសង្ឃដីកាថា ព្រះពុទ្ធសាសនាគឺជាបណ្តូលនៃដួងព្រលឹងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ពុទ្ធសាសនិកជនខ្មែរ។ ចំណែកព្រះសង្ឃ មានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំផ្សព្វផ្សាយព្រះធម៌វិន័យដល់ប្រជាពុទ្ធបរិស័ទ ក្នុងការគោរពប្រតិបត្តិដុះខាត់លោភៈ ទោសៈនិងមោហៈដែលជាប្រភពនៃអវិជ្ជា។
ព្រះអង្គមានសង្ឃដីកាបន្តថា ពីមួយថ្ងៃទៅមួយថ្ងៃវិស័យព្រះពុទ្ធសាសនាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមាន ការរីកចម្រើនហើយក្នុងនោះដែរក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាកយបានខិតខំធ្វើការស្រាវជ្រាវរាវរកគម្ពីរ ដីកា ក្បួន ច្បាប់ចាស់ៗពីបុរាណមកធ្វើការរៀបរៀងកែសម្រួល ចងក្រង និងបោះពុម្ពឡើងវិញជាថ្មីក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូ លាយក្នុងស្រទាប់សមណសិស្ស សមណនិស្សិតទូទាំងប្រទេសដែលកំពុងសិក្សានិងបញ្ញាជនទូទៅដែលមានបំណងចង់សិក្សាស្វែងយល់ពីព្រះពុទ្ធសាសនាជាពិសេសគ្រូជាប់កិច្ចសន្យានៃមន្ទីរធម្មការ និងសាសនាខេត្តទាំង៦១អង្គ/នាក់ទើបតែបើកវគ្គបណ្តុះបណ្តាលនាពេលនេះសិក្សាស្រាវជ្រាវព្រោះមាន សារៈប្រយោជន៍ដល់ការបង្រៀននិងរៀននៅតាមសាលាពុទ្ធិកសិក្សាទូទាំងប្រទេស។
ព្រះអង្គបន្ថែមថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ ថ្ងៃហេតុនេះទាមទាឱ្យគ្រូជាវាគ្មិនធ្វើបទបង្ហាញអំពី វិធីសាស្ត្របង្រៀន និងរបៀបធ្វើកិច្ចតែងការបង្រៀនព្រះវិន័យ ភាសាបាលី ភាសារខ្មែរ គណិតវិទ្យា ដើម្បីឱ្យសិក្ខាកាមជាគ្រូជាប់កិច្ចសន្យាងាយយល់ និងងាយទទួលយកបាន។
ព្រះអង្ឃសង្ឃឹមថា ក្រោយពីបញ្ចប់វគ្គនេះទៅសិក្ខាកាមទាំង៦១អង្គ/នាក់ ពិតជាទទួលនូវចំណេះដឹង ចំណេះធ្វើនិងបទពិសោធន៍ថ្មីជាច្រើន ពីគ្រូឧទ្ទេសសម្រាប់យកទៅបង្រៀនឱ្យទទួលបានគុណភាព ប្រសិទ្ធិភាពដែលជាបំណងប្រាថ្នារបស់គណៈសង្ឃនាយកក៏ដូចក្រសួងធម្មការនិងសាសនាទទូចចង់បានសំដៅលើកកម្ពស់កិត្យានុភាពព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យកាន់តែមានការរីកចំរើនស្របទៅនឹងការវិវត្តន៍របស់ប្រទេសជាតិ៕






