បាល់ទាត់៖ ក្លិបបាល់ទាត់អេស្ប៉ាញ Real Madrid បានបង្ហាញជាផ្លូវការហើយកីឡាករចំនូលថ្មីរបស់ខ្លួន Edourdo Camavinga ដែលផ្លាស់ពីក្លិបបារាំង Stade Rennes ក្នុងតំលៃ ៤៥លានអឺរ៉ូ។

បន្ទាប់ពីមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់មកកាន់ Manchester United ជាច្រើនខែមកហើយ ទីបំផុតខ្សែបម្រើបារាំង Eduardo Camavinga បានសំរេចផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញជាមួយ Real Madrid ក្នុងតម្លៃប្រមាណ ៤៥លានអឺរ៉ូកាលពីថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ។ ជាច្រើនខែមកហើយដែលកីឡាករវ័យ ១៨ឆ្នាំរូបនេះត្រូវបានគេជឿថាមានទំនាក់ទំនងចរចាមកកាន់ Manchester United ខណៈក្លិបធំៗផ្សេងទៀតដូចជា Paris Saint Germain និង Chelsea ក៏ចាប់អារម្មណ៍ផងដែរ។
Camavinga មានរដូវកាលដ៏លំបាកជាមួយក្លិបបារាំង Stade Rennes ស្របពេលកីឡាករវ័យក្មេងរូបនេះមិនមានបំណងបន្តកិច្ចសន្យាជាមួយក្រុមទៀតដែរ ស្របពេលកិច្ចសន្យានៅសល់មួយឆ្នាំចុងក្រោយ។ ឡើងពីក្រុមយុវជនមកលេងក្រុមធំ Rennes នៅឆ្នាំ២០១៩ Eduardo Camavinga បង្ហាញខ្លួនសរុបបាន ៧០ប្រកួតរកបាន ២គ្រាប់ និងធ្លាប់ត្រូវបានកោះហៅចូលក្រុមជំរើសជាតិបារាំងផងដែរកាលពីឆ្នាំ២០២០ បង្ហាញខ្លួនបាន ៣លើករកបាន ១គ្រាប់៕
អត្ថបទ៖នាង សុភាវុធ