បាល់ទាត់៖ ក្លិបតោខៀវ Chelsea ត្រូវបានសមាគមបាល់ទាត់ FA ពិន័យ ២៥០០០ផោនបន្ទាប់ពីមិនអាចគ្រប់កីឡាកររបស់ខ្លួនបានដែលនាំគ្នាតវ៉ាក្រោយពេល Reece James ទទួលបានកាតក្រហមពេលជួបជាមួយ Liverpool កាលពីខែសីហាខាងកន្លងទៅ។

អាជ្ញាកណ្តាលនៅប្រកួតនោះគឺលោក Anthony Taylor បានបណ្តេញខ្សែការពារអង់គ្លេស Reece James ដោយកាតក្រហមបន្ទាប់ពីយកដៃរារាំងបាល់នៅលើខ្សែបន្ទាត់ ដែលធ្វើឱ្យអាជ្ញាកណ្តាលផ្តល់បាល់ ១១ម៉ែត្រដល់ Liverpool ស៊ុតបញ្ចូលទីដោយ Mohamed Salah។ កីឡាកររបស់ Chelsea បានបង្ហាញអារម្មណ៍ខឹងនឹងការសំរេចចិត្តរបស់លោក Anthony Taylor ដោយតវ៉ាថា បាល់នោះប៉ះនឹងភ្លៅមុនប៉ះដៃ។
កាតក្រហមរបស់ Reece James នេះនឹងធ្វើឱ្យរូបគេអវត្តមាននៅពេល Chelsea ទទួល Aston Villa ថ្ងៃសៅរ៍នេះ។ លទ្ធផលស្មើគ្នានៅទឹកដី Anfield កន្លងមកធ្វើឱ្យ Liverpool និង Chelsea នៅតែបន្តស្ថិតិមិនចាញ់ដដែលនៅរដូវកាលថ្មី English Premier League នេះ៕
អត្ថបទ៖នាង សុភាវុធ