អង្គការ Open Arms របស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ (ទី១១ ខែសីហា) បានជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ៤៤នាក់ នៅឯសមុទ្រ ម្ដុំឆ្នេរភាគខាងត្បូងនៃកោះ Lampedusa របស់ប្រទេសអ៊ីតាលី។
ប្រតិបត្តិការនេះ ពាក់ព័ន្ធនឹងទូកដែកដែលដឹកស្ត្រី ៥នាក់ កុមារ ៣នាក់ និងទារកម្នាក់ ក្នុងចំណោមក្រុមមនុស្ស ៤៤នាក់ ហើយប្រធានទូកសង្គ្រោះឈ្មោះ Astral របស់អង្គការ Open Arms បានផ្តល់អាវពោងសុវត្ថិភាព ទឹក និងអាហារដល់ជនអន្តោប្រវេសន៍ទាំងនោះ ហើយនៅជាមួយពួកគេរហូតដល់ទូករបស់ទីភ្នាក់ងារហិរញ្ញវត្ថុអ៊ីតាលី បានទៅដល់ ហើយនាំយកពួកគេទៅកាន់កោះ Lampedusa។
គួរបញ្ជាក់ថា ផែនការដ៏ចម្រូងចម្រាសមួយ នៅប្រទេសអ៊ីតាលី ក្នុងការរៀបចំជំរុំឃុំខ្លួន នៅប្រទេសអាល់បានី ចំពោះជនអន្តប្រវេសន៍ ដែលចាប់បាននៅសមុទ្រ ត្រូវបានពន្យារពេលកាលថ្ងៃទី១ ខែសីហា ដោយប្រភពដឹងពីបញ្ហានេះ បាននិយាយថា ការងារនោះហួសពីកាលវិភាគដើមប្រមាណ ២-៣សប្តាហ៍។
រដ្ឋាភិបាលស្តាំនិយមអ៊ីតាលីរបស់នាយករដ្ឋមន្ត្រី លោកស្រី Giorgia Meloni បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអាល់បានី កាលពីឆ្នាំមុន ដើម្បីបង្កើតជំរុំនានា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ស្កាត់អន្តោប្រវេសន៍ ដោយនិយាយថា ជំរុះនោះនឹងដោះស្រាយជាមួយជនអន្តោប្រវេសន៍ប្រហែល ៣៦.០០០នាក់ ក្នុងមួយឆ្នាំ តាមរយៈទីតាំងចំនួន២ គឺមួយនៅទីក្រុងកំពង់ផែ Shengjin និងមួយទៀត នៅ Gjader៕