ក្រុមតស៊ូមតិមូស្លីមមួយក្រុមបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃចន្ទ (១២ សីហា) ប្រឆាំងនឹងអង្គភាពស៊ើបការសម្ងាត់ FBI និងថ្នាក់ដឹកនាំនៃទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកផ្សេងទៀត អំពីអ្វីដែលខ្លួនហៅថាការរើសអើង និងប្រកាន់ជាតិសាសន៍លើជនជាតិប៉ាឡេស្ទីនសញ្ជាតិអាមេរិកពីរនាក់ដែលត្រូវបានដាក់នៅក្នុងបញ្ជីតាមដាន។

ក្រុមប្រឹក្សាទំនាក់ទំនងអាមេរិក-អ៊ិស្លាមមួយនេះបាននិយាយថា បណ្តឹងនេះគឺទាក់ទងនឹងការដាក់ជនជាតិអាមេរិកាំងប៉ាឡេស្ទីនម្នាក់ ឈ្មោះ មូស្តាហ្វា ហ្សៃដាន (Mustafa Zeidan) នៅក្នុង «បញ្ជីហាមហោះហើរ» របស់រដ្ឋាភិបាលអាមេរិក និងការរឹបអូសឧបករណ៍អេឡិចត្រូនិករបស់ជនជាតិអាមេរិកាំងប៉ាឡេស្ទីនម្នាក់ទៀតឈ្មោះ អូសាម៉ា អាប៊ូ អ៊ីសាអ៊ីដ (Osama Abu Irshaid) ខណៈដែលភ្នាក់ងារសហព័ន្ធបានសួរនាំអំពីគម្រោងរៀបចំរបស់លោកប្រឆាំងនឹងសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

ការិយាល័យស៊ើបអង្កេតសហព័ន្ធមិនមានការអត្ថាធិប្បាយលើបណ្តឹងនោះទេ ប៉ុន្តែអ្នកនាំពាក្យបាននិយាយថា មជ្ឈមណ្ឌលពិនិត្យភេរវកររបស់ខ្លួនមិនរាយបញ្ជីមនុស្សដោយផ្អែកលើជាតិសាសន៍ ឬសាសនា ឬសកម្មភាពបញ្ចេញមតិដោយសេរីណាមួយឡើយ។
ក្រុមតស៊ូមតិសិទ្ធិមនុស្សបាននិយាយថា មានការកើនឡើងនៃការស្អប់ខ្ពើមប្រឆាំងសាសនាអ៊ីស្លាម ភាពលំអៀងប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន ការស្អប់ប្រឆាំងនឹងជនជាតិអារ៉ាប់ និងការប្រឆាំងនឹងជនជាតិជ្វីហ្វនៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅហ្កាហ្សាកាលពីខែតុលា ឆ្នាំមុនមក ដែលនាំឱ្យមានការតវ៉ាទូទាំងប្រទេសនៅតាមសាកលវិទ្យាល័យនានានៅទូទាំងសហរដ្ឋអាមេរិក៕