យោធាអ៊ុយក្រែន នៅថ្ងៃអង្គារ ទី១៣ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានបង្កើនការវាយប្រហាររបស់ពួកគេទៅលើសមរភូមិជួរមុខនៃទីក្រុង Pokrovsk នៅភាគខាងកើតអ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយបានរាយការណ៍ពីចំនួននៃការប្រយុទ្ធដ៏ខ្ពស់បំផុត នៅតំបន់នេះ រយៈពេលត្រឹមតែមួយថ្ងៃ ក្នុងមួយសប្តាហ៍។
ការបង្កើនការប្រយុទ្ធនេះបានកើតមានឡើង បន្ទាប់ពីអ៊ុយក្រែនបានបង្កការភ្ញាក់ផ្អើល ដោយការវាយលុកឆ្លងព្រំដែនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដែលអ្នកវិភាគយោធាមួយចំនួនមើលឃើញថា ជាការប៉ុនប៉ងបង្វែរកងកម្លាំងរុស្ស៊ីពីការវាយលុកដ៏ធំរបស់ពួកគេ នៅភាគខាងកើត។
កងកម្លាំងរុស្ស៊ី បាន និងកំពុងព្យាយាមរុលទៅមុខឆ្ពោះទៅកាន់មជ្ឈមណ្ឌលភស្តុភារកម្មគ្រប់គ្រងដោយទីក្រុងគីវរបស់តំបន់ Pokrovsk អស់ជាច្រើនខែមកហើយ ដោយបានរុលទៅមុខជាលំដាប់ និងមានប្រៀបដោយសារចំនួនកងទ័ពដ៏ច្រើនរបស់ខ្លួន។
នៅក្នុងការផ្ដល់ព័ត៌មានលម្អិតប្រចាំថ្ងៃរបស់ខ្លួន អគ្គសេនាធិការយោធាអ៊ុយក្រែន បានឲ្យដឹងថា មានការប្រយុទ្ធគ្នាចំនួន ៥២ដង នៅតំបន់សមរភូមិជួរមុខ Pokrovsk ជាការកើនឡើងជាក់ស្ដែងចំនួនចន្លោះពី ២៨ដង ទៅ ៤២ ក្នុងមួយថ្ងៃ ដែលត្រូវបានរាយការណ៍កាលពីសប្តាហ៍មុន។
អ៊ុយក្រែនបានរាយការណ៍លើកចុងក្រោយពីការប្រយុទ្ធគ្នាច្រើនជាងនេះ នៅក្នុងថ្ងៃដំបូងនៃខែសីហា មុនពេលកងកម្លាំងរបស់ទីក្រុងគីវ បានបើកការវាយប្រហារឆ្លងព្រំដែនចូលទៅក្នុងតំបន់ Kursk។ អគ្គសេនាធិការ បានប្រាប់ថា ការវាយប្រហាររបស់រុស្ស៊ី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ គឺផ្តោតលើភូមិ Hrodivka និង Zhelanne ដែលមានចម្ងាយប្រហែល ២០គីឡូម៉ែត្រពីទីក្រុង Pokrovsk៕