អ្នកនាំពាក្យរបស់រដ្ឋបាលតាលីបង់ នៅទីក្រុងកាប៊ុល នាថ្ងៃអង្គារ (ទី១៣ ខែសីហា) នេះ បាននិយាយថា ជនស៊ីវិលអាហ្វហ្គានីស្ថាន ៣នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចនៅតាមព្រំដែន រវាងកងកម្លាំងសន្តិសុខប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន លោក Mufti Abdul Mateen បានប្រាប់ថា ការប៉ះទង្គិចគ្នាបានកើតឡើង កាលពីល្ងាចថ្ងៃចន្ទ (ទី១២ ខែសីហា) នៅជិតច្រកព្រំដែនភាគនិរតីនៃទីក្រុង Torkham បន្ទាប់ពីកងកម្លាំងព្រំដែនប៉ាគីស្ថាន បានបើកការបាញ់ប្រហារទៅលើកងកម្លាំងព្រំដែនអាហ្វហ្គានីស្ថាន។ ជាមួយគ្នានេះ លោកបានបន្ថែមថា កងកម្លាំងប៉ាគីស្ថានបានបាញ់ប្រហារសំដៅផ្ទះសម្បែងរបស់ជនស៊ីវិល ដោយបានសម្លាប់ស្ត្រីម្នាក់ និងកុមារ ២នាក់។
ពាក់ព័ន្ធនឹងករណីនេះ យោធាប៉ាគីស្ថានមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ តែដោយសាររូបលោកមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ មន្ត្រីសន្តិសុខម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា ទាហានប៉ារ៉ាប៉ាគីស្ថាន ៣នាក់ បានរងរបួសនៅក្នុងការប្រយុទ្ធគ្នានេះ។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាជាញឹកញាប់ បានផ្ទុះឡើង រវាងកងកម្លាំងសន្តិសុខនៃប្រទេសជិតខាងទាំង២ នៅតាមព្រំដែន ដែលត្រូវបានសង់ឡើងជាច្រើនទសវត្សរ៍កន្លងទៅ ក្នុងអំឡុងពេលស្ថិតក្រោមអាណានិគមរបស់អង់គ្លេស និងដែលមានជម្លោះជាយូរមកហើយ៕