អ៊ីរ៉ង់និយាយថា ខ្លួននឹងមានការតាំងចិត្តខ្ពស់ ក្នុងការការពារសន្តិសុខរបស់ខ្លួន បន្ទាប់ពីមានការប៉ុនប៉ងធ្វើអន្តរាគមន៍រួមគ្នាដោយចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ មុនពេលកិច្ចចរចាបទឈប់បាញ់ដែលបានគ្រោងទុកនៅក្នុងដែនដីហ្កាហ្សា។

ក្រសួងការបរទេសរបស់អ៊ីរ៉ង់ បានថ្កោលទោសក្រុមមេដឹកនាំអឺរ៉ុប បន្ទាប់ពីពួកគេបានជំរុញឱ្យក្រុងតេអេរ៉ង់ រក្សាភាពអត់ធ្មត់ កុំបើកការវាយប្រហារសងសឹកលើអ៊ីស្រាអែល ខណៈមានសញ្ញាជាច្រើនលេចឡើងថា ជម្លោះនៅតំបន់ហ្កាហ្សាអាចរាលដាលទៅជាសង្គ្រាមមជ្ឈិមបូព៌ាកាន់តែធំ។អ៊ីរ៉ង់លើកឡើងថា ការសងសឹកគឺជាមធ្យោបាយក្នុងការបញ្ឈប់ឧក្រិដ្ឋកម្ម និងជាសិទ្ធិស្របច្បាប់របស់ខ្លួន។

សហរដ្ឋអាមេរិកបានព្រមានថា ការវាយប្រហារលើអ៊ីស្រាអែលដោយអ៊ីរ៉ង់ ជាការសងសឹកចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh ក្នុងទីក្រុងតេអេរ៉ង់ និងមេបញ្ជាការក្រុម ហេសបូឡា លោក ហ្វ៊ូអាដ សុកឺ (Fuad Shukr) ក្នុងទីក្រុង បេរូត (Beirut) អាចកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា ពេលវេលានៃការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ អាចនៅក្នុងសប្តាហ៍នេះ។

ដោយចេញសេចក្តីថ្លែងការណ៍រួម នាយករដ្ឋមន្រ្តីអង់គ្លេស លោក គៀរស្ដាមើ (Keir Starmer) លោកប្រធានាធិបតីបារាំង Macron និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បានអំពាវនាវឱ្យអ៊ីរ៉ង់ កុំវាយប្រហារ ដែលនឹងធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែពុះកញ្ជ្រោលឡើងថែមទៀត ។
មេដឹកនាំទាំងបីបានព្រមានថា រាល់ការវាយប្រហារមុនណាមួយលើអ៊ីស្រាអែលនឹង បង្កគ្រោះថ្នាក់ដល់ឱកាសក្នុងការយល់ព្រមបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង ដោយបន្ថែមថា គ្មានប្រទេសឬដែនដីណាមួយ ទទួលបានលផចំណេញពីការកើនឡើងជម្លោះបន្ថែមទៀតនៅមជ្ឈិមបូព៌ាឡើយ៕