បាត់ដំបង៖ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានពន្យល់បន្ថែមយ៉ាងក្បោះក្បាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម និងប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយមមួយក្តាប់តូច ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត។

ឧត្តមសេនីយ៍ត្រី ភើយ លំអង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានបញ្ជាក់ថា កងម្លាំងទាំងអស់ប្ដេជ្ញាបង្រ្កាប និងត្រៀមលក្ខណៈគ្រប់ពេលវេលាក្នុងការកម្ទេចរាល់ឧបាយកលទុច្ចរិតដែលបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។

ឧត្តមសេនីយ៍ត្រី ភើយ លំអង សង្កត់ធ្ងន់ថា កងកម្លាំងនៃតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ប្ដេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ សុខសន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

ជាមួយគ្នានោះ នាយទាហាននៃតំបន់ប្រតិបត្តិការសឹករងបាត់ដំបង មើលឃើញថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បន្តមកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
នាយទាហាននៃតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមជ្រុលនិយមមួយក្ដាប់តូចដែលញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរបះបោរប្រឆាំងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សូមរំលឹកថា ជាបន្តបន្ទាប់សម្តេចតេជោ ហ៊ុន សែន បានពន្យល់ឱ្យសាធារណជនជាតិ និងអន្តរជាតិកាន់តែយល់ច្បាស់ និងស៊ីជម្រៅថា «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍» មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីខ្មែរទៅបរទេសណាមួយដូចការចោទប្រកាន់ឡើយ។មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចការមួលបង្កាច់នោះឡើយ។មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។ផ្ទុយទៅវិញកិច្ចសហប្រតិបត្តិការនេះ គឺជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នាឱ្យទៅជាតំបន់ មានសុវត្ថិភាព ប្រែក្លាយពីតំបន់ស្ងាត់ជ្រងំក្រីក្រ ទៅជាតំបន់ផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ច សង្គមដល់ប្រជាពលរដ្ឋ និងជាតំបន់មានការតភ្ជាប់ប្រព័ន្ធផ្លូវ ទឹក បណ្ដាញអគ្គិសនី សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបម្រើដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ និងសង្គមផ្សេងៗទៀតជាដើម៕