អភិបាលតំបន់ លោក Vyacheslav Gladkov បាននិយាយនៅលើបណ្តាញ Telegram របស់លោកនៅថ្ងៃពុធនេះថា តំបន់ Belgorod បានប្រកាសរដ្ឋគ្រាអាសន្នក្នុងតំបន់ ដោយសារតែស្ថានភាពកាន់តែរីកធំឡើង ដោយអាជ្ញាធរកំពុងពិចារណាលើការរុញស្ថានភាពគ្រាអាសន្ន ដល់កម្រិតសហព័ន្ធ។

លោក Gladkov បាននិយាយនៅក្នុងការថ្លែងតាមវីដេអូថា «ស្ថានការណ៍នៅក្នុងតំបន់ Belgorod នៅតែមានបញ្ហាប្រឈម និងតានតឹងខ្លាំង។
ការបាញ់ផ្លោងរាល់ថ្ងៃដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននាំឱ្យមានការបំផ្លិចបំផ្លាញលំនៅឋាន ព្រមទាំងធ្វើឲ្យរងរបួស និងស្លាប់ ក្នុងចំណោមជនស៊ីវិល។

លោកនិយាយថា ដូច្នេះហើយ យើងបានសម្រេចប្រកាសស្ថានភាពរដ្ឋក្នុងគ្រាអាសន្ននៅទូទាំងតំបន់ Belgorod ទាំងមូល ដោយចាប់ផ្តើមពីថ្ងៃនេះ ដើម្បីផ្តល់ការការពារបន្ថែមដល់ប្រជាជន និងផ្តល់ការគាំទ្រ ដល់អ្នកទាំងឡាយដែលរងផលប៉ះពាល់។
លោក អភិបាល ក៏បានបញ្ជាក់ផងដែរថា ក្នុងពេលឆាប់ៗនេះ រដ្ឋាភិបាលតំបន់ នឹងអំពាវនាវទៅគណៈកម្មការសហព័ន្ធ ដើម្បីស្នើសុំឱ្យប្រកាសស្ថានភាពរដ្ឋក្នុងគ្រាអាសន្ន ដល់កម្រិតសហព័ន្ធ។