នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាម៉េដ សៀ អាល់ស៊ុដានី (Mohammed Shia al-Sudani) បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរបស់អ៊ីរ៉ាក់ ក្នុងការទប់ស្កាត់រាល់សកម្មភាព ដែលអាចបង្កគ្រោះថ្នាក់ដល់ទីប្រឹក្សាក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដែលមានភារកិច្ចជួយអ៊ីរ៉ាក់ ប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមជ្រុលនិយម (IS)។
លោកនាយករដ្ឋមន្ត្រី បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) កាលពីយប់ថ្ងៃចន្ទ ខណៈដែលភាគីទាំងពីរ បានពិភាក្សាអំពីការអភិវឌ្ឍក្នុងតំបន់ និងការខិតខំប្រឹងប្រែង ដើម្បីជំរុញស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់អាល់ស៊ុដានីកាលពីថ្ងៃអង្គារ។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក អាល់ស៊ុដានី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបន្តទំនាក់ទំនងរវាងភាគីទាំងពីរ «ដើម្បីបញ្ចប់បេសកកម្មរបស់ក្រុមចម្រុះនៅក្នុងប្រទេសអ៊ីរ៉ាក់ និងឆ្ពោះទៅរកទំនាក់ទំនងសន្តិសុខទ្វេភាគី» ។
ក្នុងអំឡុងការអំពាវនាវនេះ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានរំលឹកឡើងវិញនូវគោលជំហររបស់អ៊ីរ៉ាក់ថា ហេតុផលនៅពីក្រោយអស្ថិរភាពក្នុងតំបន់ គឺការឈ្លានពានបន្តមកលើតំបន់ហ្កាហ្សា ហើយបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់មហាអំណាច និងអង្គការអន្តរជាតិ ដើម្បីដើរតួនាទីរបស់ពួកគេក្នុងការបញ្ឈប់ «ឧក្រិដ្ឋកម្ម» ដែលប្រព្រឹត្តប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។
សម្រាប់ផ្នែករបស់ខ្លួន លោក ប៊ីលនខិន បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបន្តការពិគ្រោះយោបល់ជាមួយភាគីអ៊ីរ៉ាក់លើបញ្ហាក្នុងតំបន់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ កាលពីថ្ងៃទី ៥ ខែសីហា គ្រាប់រ៉ុក្កែតចំនួន ៤គ្រាប់ បានវាយប្រហារមូលដ្ឋានអាកាស Ayn al-Asad ក្នុងខេត្ត Anbar ភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែលទាហានអាមេរិកឈរជើង។