ឧត្តមសេនីយ៍ទោ Igor Kirillov បាននិយាយថា កងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ Kursk របស់រុស្ស៊ី បានប្រើប្រាស់អាវុធគីមី ដែលស្រដៀងនឹងអាវុធរបស់អាមេរិក និងអាល្លឺម៉ង់។
លោកបាននិយាយថា ទាហានអ៊ុយក្រែន បានបាញ់គ្រាប់ទាំងនោះទៅលើយានិកមួយក្រុមពីក្រុមហ៊ុន បណ្តាញអគ្គិសនី Rosseti។
លោក Kirillov បានប្រាប់ទូរទស្សន៍ Zvezda នៅខាងក្រៅនៃវេទិកាបចេ្ចកទេសយោធាអន្តរជាតិ Army-2024ថា៖«គិតត្រឹមថ្ងៃនេះ ខ្ញុំអាចនិយាយបានថា ពួកវាជាគ្រាប់បែកផ្សែង។ ការរួមបញ្ចូលគ្នានៃសមាសធាតុរបស់ពួកវា គឺស្រដៀងទៅនឹងគ្រាប់បែករបស់សហរដ្ឋអាមេរិក និងអាល្លឺម៉ង់។ មូលដ្ឋាន គឺសមាសធាតុគីមី និងស័ង្កសីអុកស៊ីត។ មានសំណួរជាច្រើនអំពីសារធាតុបន្ថែមដែលមាននៅក្នុងគ្រាប់បែកទាំងនោះ។ យើងកំពុងធ្វើការស៊ើបអង្កេត។ យើងមានពេលវេលា។ ឯកសារនេះ នឹងត្រូវដាក់ជូនទៅអង្គការ OPCW (អង្គការសម្រាប់ការហាមឃាត់អាវុធគីមី) តាមរយៈក្រសួងការបរទេស តាមពេលកំណត់។
បើតាមលោកឧត្តមសេនីយ៍ សំណាកទាំងនោះ ត្រូវបានបញ្ជូនទៅពិនិត្យនៅមជ្ឈមណ្ឌលស្រាវជ្រាវលេខ ២៧ នៃកងការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្ត ដែលជាមន្ទីរពិសោធន៍ ដែលមានការទទួលស្គាល់ពីអង្គការ OPCW។
អភិបាលស្តីទីប្រចាំតំបន់ Kursk លោក Aleksey Smirnov បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនថា អ៊ុយក្រែន បានប្រើប្រាស់អាវុធគីមីនៅក្នុងស្រុក Belovsky ក្នុងតំបន់នេះ។