ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Amos Hochstein បានជួបពិភាក្សាការងារជាមួយប្រធានសភាលីបង់លោក Nabih Berri អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Beirut ស្របពេលមានក្តីបារម្ភថា ជម្លោះព្រំដែននឹងប្រែក្លាយជាសង្រ្គាមពេញលេញ ។
អ៊ីស្រាអែល និងក្រុមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ បានផ្ទុះអាវុធដាក់គ្នា ចាប់តាំងពីក្រុមជីវពលហាម៉ាស់ប៉ាឡេស្ទីន វាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ និងបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា ដែលពុំបានបង្ហាញសញ្ញានៃការបញ្ចប់ ។
បច្ចុប្បន្នស្ថិតក្នុងខែទី ១០ សង្រ្គាមមួយនេះ បានរីករាលដាលដល់ប្រទេសលីបង់ ជាទីដែលអ៊ីស្រាអែល បង្កការបំផ្លិចបំផ្លាញដូចជម្លោះមុនៗជាមួយក្រុមហេសប៊ូឡា ។
ភាគច្រើននៃជម្លោះក្នុងរយៈពេលជាង ១០ខែកន្លងមកនេះ បានផ្ទុះឡើងនៅតាមព្រំដែនរវាងអ៊ីស្រាអែល និងលីបង់ ។
អ៊ីស្រាអែល បានធ្វើឲ្យភាពតានតឹងកាន់តែឡើងកម្តៅខ្លាំង ជាមួយនឹងការសម្លាប់ឥស្សរជនជាន់ខ្ពស់របស់ក្រុមហេសប៊ូឡា ៕