ទីភ្នាក់ងារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA រាយការណ៍ថា នៅថ្ងៃពុធនេះ កងកម្លាំងយោធាអ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីន ៤នាក់ នៅក្នុងតំបន់កាន់កាប់វ៉េសប៊ែង ស្របពេលដែលមេដឹកនាំប៉ាឡេស្ទីនលោក Mahmoud Abbas ធ្វើដំណើរទៅកាន់រដ្ឋធានីអង់ការ៉ារបស់ប្រទេសទួរគី នៅថ្ងៃព្រហស្បតិ៍ ស្អែក ។
WAFA រាយការណ៍ថា បុរសម្នាក់ក្នុងចំណោមបុរសទាំងនោះ ត្រូវបានសម្លាប់ ក្នុងការវាយឆ្មក់នៅទីក្រុង Tubas ហើយបុរស ៣នាក់ផ្សេងទៀត ត្រូវបានសម្លាប់ដោយការវាយប្រហារយានដ្រូនរបស់អ៊ីស្រាអែលនៅទីក្រុងជិតខាង Tammun ។
យោធាអ៊ីស្រាអែល បញ្ជាក់ថា យន្តហោះរបស់ខ្លួន បានវាយប្រហារក្រុមសកម្មប្រយុទ្ធនៅទីក្រុង Tammun ។
អំពើហិង្សានៅតំបន់វ៉េសប៊ែង និងតំបន់ហ្សេរុយសាឡឹមខាងកើត បានកើនឡើងរួចទៅហើយ មុនសង្រ្គាមផ្ទុះឡើងនៅតំបន់ហ្កាហ្សាកាលពីខែតុលា ឆ្នាំ ២០២៣ ប៉ុន្តែចាប់តាំងពីពេលនោះមក វាកាន់តែឡើងកម្តៅខ្លាំងថែមមួយកម្រិតទៀត ពេលដែលអ៊ីស្រាអែលបង្កើនការវាយឆ្មក់របស់ពួកគេ អំពើហិង្សាលើអ្នកតំាងលំនៅនិគមន៍អ៊ីស្រាអែល និងការវាយប្រហារតាមផ្លូវរបស់ជនប៉ាឡេស្ទីន ។
ដោយឡែក ជនប៉ាឡេស្ទីនជិត ៤ម៉ឺននាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ៕