អតីតនាយករដ្ឋមន្រ្តីថៃលោក Srettha Thavisin បាននិយាយនៅថ្ងៃពុធនេះថា លោកបានបំពេញតួនាទីជានាយករដ្ឋមន្រ្តីរបស់លោកដោយភាពស្មោះត្រង់ និងបានបំពេញអស់ពីសមត្ថភាព ក្រោយតុលាការបណ្តេញរូបលោកចេញពីតំណែងសម្រាប់ការបំពានរដ្ឋធម្មនុញ្ញ ។
លោក Srettha និយាយថា លោកព្រមទទួលយកសេចក្តីសម្រេចរបស់តុលាការ ។
នៅព្រឹកមិញនេះ តុលាការធម្មនុញ្ញថៃ បានបណ្តេញរូបលោកចេញពីតំណែង សម្រាប់ការតែងតាំងចូលគណៈរដ្ឋមន្រ្តីរបស់លោកនូវអតីតមេធាវីម្នាក់ដែលជាប់ពន្ធនាគារ ក្រោយពួកគេសម្រេចថា លោកបានបំពានរដ្ឋធម្មនុញ្ញ ដោយតែងតាំងរដ្ឋមន្រ្តីមួយរូបមិនឈានដល់បទដ្ឋានសិលធម៌ ។
ការដកតំណែងរបស់លោក Srettha ក្រោយកាន់អំណាចបានរយៈពេលតិចជាង ១ឆ្នាំ មានន័យថា សភាត្រូវតែកោះប្រជុំ ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ជាមួយនឹងការរំពឹងទុកដល់ភាពមិនប្រាកដប្រជាបន្ថែមទៀតនៅក្នុងប្រទេសមួយ ដែលរួមរឹតអស់រយៈពេល ២ទសវត្សរ៍ដោយរដ្ឋប្រហារ និងការសម្រេចចិត្តរបស់តុលាការ បានទម្លាក់រដ្ឋាភិបាល និងគណបក្សនយោបាយជាច្រើន ។
នាយអគ្គលេខាធិការបស់អតីតមេដឹកនំារូបនេះ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សភាថៃ នឹងជួបប្រជុំនៅថ្ងៃសុក្រស្អែកនេះ ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីការទម្លាក់តំណែងលោក Srettha Thavisin ដោយតុលាការធម្មនុញ្ញ ៕