កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងបានប្រារព្ធខួបលើកទី៧៣ នៃការបង្កើតកូរ៉េខាងជើង ដោយរៀបចំក្បួនព្យុហយាត្រាយោធានៅពេលយប់ដោយ បង្ហាញពីកងទ័ពកំពុងឈរតម្រៀបជួរគ្នាក្នុងសម្លៀកបំពាក់ឈុតការពារវីរុស ដោយពុំមានការបង្អួតមីស៊ីលបាលីស្ទីកដូចរាល់ឆ្នាំឡើយ។

ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA បាននិយាយថា លោក Kim Jong Un មេដឹកនាំនៃរដ្ឋឯកោបានចូលរួមព្រឹត្តិការណ៍នេះ ខណៈកងកម្លាំងប៉ារ៉ា និងសន្តិសុខសាធារណៈបានចាប់ផ្ដើមដើរក្បួនព្យុហយាត្រានៅទីលានចតុរង្គ Kim Il Sung ក្នុងរដ្ឋធានីព្យុងយ៉ាងនៅពាក់កណ្ដាលអធ្រាត្រថ្ងៃពុធ។ កាសែត Rodong Sinmun របស់គណបក្សពលករកំពុងកាន់អំណាច បានផ្សព្វផ្សាយរូបថតមនុស្សក្នុងឈុតពណ៌ទឹកក្រូច ពាក់ម៉ាស់វេជ្ជសាស្ត្រជានិមិត្តរូបនៃកិច្ចប្រឹងប្រែងប្រឆាំងនឹងវីរុសកូរ៉ូណា ហើយកងទ័ពកាន់កាំភ្លើង និងជើងទម្របាញ់គ្រាប់រ៉ូកែតជាច្រើនដើរក្បួនរួមគ្នា។

ប៉ុន្តែគេពុំបានមើលឃើញមីស៊ីល ឬនិយាយនៅក្នុងរបាយការណ៍នោះទេ ហើយលោក Kim មិនបានថ្លែងសុន្ទរកថាអ្វីមិនដូចកាលពីខែតុលាឆ្នាំមុន នៅពេលដែលប្រទេសនេះបានរៀបចំក្បួនព្យុហយាត្រាយោធាមុនពេលមេឃភ្លឺ ដោយបង្ហាញមីស៊ីលអន្តរទ្វីបបាលីស្ទីកដែលមិនធ្លាប់ឃើញពីមុន។ ប្រទេសកូរ៉េខាងជើងមិនបានបញ្ជាក់ពីករណីឆ្លងជំងឺ COVID-19 ទេ ប៉ុន្តែបានបិទព្រំដែន និងដាក់ចេញវិធានការការពារយ៉ាងតឹងរ៉ឹងដោយមើលឃើញថា ជំងឺរាតត្បាតសកលនេះគឺជាបញ្ហានៃការរស់រានមានជីវិតរបស់ជាតិ៕

អត្ថបទ៖ សុខមាន