លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកនឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីនៅខែក្រោយ បន្ទាប់ពីកាន់តំណែងរយៈពេល ៣ ឆ្នាំ ដែលត្រូវបានរង្គោះរង្គើរដោយរឿងអាស្រូវ និងការធ្លាក់ចុះការគាំទ្រសាធារណៈ។

មានគូរប្រជែងសំខាន់ៗជាច្រើន ដែលអាចជំនួសតំណែងលោកបាននៅពេលគណបក្សកាន់អំណាចប្រជាធិបតេយ្យសេរី (LDP) របស់លោករៀបចំការបោះឆ្នោតថ្នាក់ដឹកនាំនៅខែក្រោយ។

លោកហ្ស៊ីហ្គេរូ អ៊ីហ្ស៊ីបា (SHIGERU ISHIBA) វ័យ ៦៧ឆ្នាំ ជាបេក្ខភាពបួនសម័យកាលសម្រាប់ប្រធានបក្សនិងជាអតីតរដ្ឋមន្ត្រីការពារជាតិ។ លោកនៅមិនទាន់ប្រកាសជាផ្លូវការអំពីបំណងរបស់លោកក្នុងការប្រកួតប្រជែងនាពេលខាងមុខនៅឡើយទេ។
លោក តូស៊ីមីតស៊ូ ម៉ូតេជី (TOSHIMITSU MOTEGI ) វ័យ៦៨ ដែលបច្ចុប្បន្នជាអគ្គលេខាធិការគណបក្សកាន់អំណាច LDP បានបម្រើការក្នុងជួរគណៈរដ្ឋមន្ត្រីជាច្រើនតំណែង រួមទាំងជារដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
លោកស៊ីនជីរ៉ូកូអ៊ីស៊ូមី (SHINJIRO KOIZUMI)វ័យ៤៣ឆ្នាំ អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីដែលមានប្រជាប្រិយភាពលោក ជូនីជីរ៉ូ កូអ៊ីស៊ូមី (Junichiro Koizumi) ។
លោកស្រី សាណេ តាកៃជី (SANAE TAKAICHI) មានតួនាទីជារដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខសេដ្ឋកិច្ច ហើយត្រូវបានគេផ្តល់កិត្តិយសសម្រាប់ការអនុម័តច្បាប់ដើម្បីបង្កើតប្រព័ន្ធបោសសម្អាតសន្តិសុខសេដ្ឋកិច្ច។
រដ្ឋមន្ត្រីផ្នែកឌីជីថល លោក តារ៉ូ កូណូ (TARO KONO) វ័យ៦៣ឆ្នាំ ក៏បានប្រជែងនឹង លោក Kishida ក្នុងការប្រកួតប្រជែងថ្នាក់ដឹកនាំបក្សចុងក្រោយផងដែរ ហើយត្រូវបានគេមើលឃើញថាជា ឈរឈ្មោះជាបេក្ខជនម្ដងទៀត។
លោកស្រី យ៉ូកូ កាមីកាវ៉ា (YOKO KAMIKAWA )វ័យ ៧១ឆ្នាំ ជារដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន គឺជាឥស្សរជនដែលមានឋានៈទាប ប៉ុន្តែបានទាក់ទាញការចាប់អារម្មណ៍ក្នុងនាមជាបេក្ខជនដែលអាចក្លាយជានាយករដ្ឋមន្ត្រីដ៏មានសក្តានុពលនៅក្នុងការស្ទង់មតិថ្មីៗនេះ។
ចុងក្រោយ លោក តាកាយ៉ូគី កូបាយ៉ាហ្ស៊ី (TAKAYUKI KOBAYASHI) វ័យ៤៩ឆ្នាំ ដែលបានបម្រើការជារដ្ឋមន្ត្រីទីមួយ ទទួលបន្ទុកសន្តិសុខសេដ្ឋកិច្ចត្រូវបានផ្តល់កិត្តិយសសម្រាប់ការអនុម័តច្បាប់ស្តីពីសន្តិសុខសេដ្ឋកិច្ចក្នុងគោលបំណងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់៕