អតីតប្រធានបុគ្គលិករបស់ប្រទេសថៃ បានប្រាប់សារព័ត៌មានរ៉យទ័រថា សភាជាន់ទាបរបស់ប្រទេសថៃ នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រ (១៦ សីហា) ស្អែកនេះដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីតុលាការទម្លាក់លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ចេញពីតំណែង។

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ កាលពីថ្ងៃពុធ បានសម្រេចដកតំណែងលោក សេដ្ឋា ជានាយករដ្ឋមន្ត្រី ពីបទ «បំពានក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ» ដោយសារតែងតាំងរដ្ឋមន្ត្រីដែលធ្លាប់ជាប់ពន្ធនាគារ ដែលបង្កើនភាពស្រពិចស្រពិល និងមិនច្បាស់លាស់នៅក្នុងជួរនយោបាយប្រទេសថៃ។

ឧបនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃ លោក អានូធីន ឆានវីរៈគុន (Anutin Charnvirakul) បាននិយាយថា ក្រុមចម្រុះដែលកំពុងកាន់អំណាចនៅតែមានភាពរឹងមាំ ហើយថាគណបក្សភឿថៃ (Pheu Thai) គួរតែដឹកនាំការបង្កើតរដ្ឋាភិបាលថ្មី។
ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបាន បេក្ខជនម្នាក់ត្រូវការការគាំទ្រពីសមាជិកសភាជាន់ទាបច្រើនជាងពាក់កណ្តាលនៃសមាជិកសភាបច្ចុប្បន្នចំនួន ៤៩៣រូបឬ ២៤៧សំឡេង។
ប្រសិនបើបេក្ខជនមិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ទេ សភាត្រូវតែកោះប្រជុំម្តងទៀតនៅពេលក្រោយ ហើយធ្វើដំណើរការបោះឆ្នោតនេះឡើងវិញ ដោយទុកឱកាសសម្រាប់បេក្ខជនផ្សេងទៀតត្រូវបានតែងតាំង។ នាយករដ្ឋមន្ត្រីថ្មីត្រូវតែតែងតាំងគណៈរដ្ឋមន្ត្រី ដែលបន្ទាប់មកត្រូវតែបង្ហាញគោលនយោបាយរបស់ខ្លួនទៅកាន់សភា មុនពេលដែលខ្លួនអាចចាប់ផ្តើមគ្រប់គ្រងបាន៕