បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីប៊ី (UNSMIL) កាលពីថ្ងៃពុធ បានបង្ហាញការព្រួយបារម្ភអំពីសកម្មភាពជាឯកតោភាគីកាលពីពេលថ្មីៗនេះ ដែលធ្វើឡើងដោយគណបក្សនយោបាយមួយចំនួន នៅក្នុងប្រទេស។

បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បេសកកម្មនេះ កំពុងតាមដានដោយការព្រួយបារម្ភ ចំពោះសកម្មភាពជាឯកតោភាគី ដោយតួអង្គផ្នែកនយោបាយ និងស្ថាប័ន នៅភាគខាងកើត ភាគខាងលិច និងភាគខាងត្បូងប្រទេសលីបី។

សេចក្តីថ្លែងការណ៍និយាយថា នៅក្នុងស្ថានភាពបច្ចុប្បន្ន សកម្មភាពជាឯកតោភាគីទាំងនេះ នឹងបង្កើនភាពតានតឹង ធ្វើឱ្យអន្តរាយដល់ការជឿទុកចិត្ត និងការបែកបាក់ក្នុងស្ថាប័នបន្ថែមទៀត ព្រមទាំងការមិនចុះសម្រុងគ្នា ក្នុងចំណោមប្រជាជនលីប៊ី។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់ការរួមមតិគ្នា ការសន្ទនា និងការរួបរួម ហើយរំលឹកដល់មេដឹកនាំនយោបាយ និងស្ថាប័នទាំងអស់ពីការប្តេជ្ញាចិត្ត និងកាតព្វកិច្ចរបស់ពួកគេ ក្រោមកិច្ចព្រមព្រៀងនយោបាយប្រទេសលីប៊ី និងវិសោធនកម្មរបស់ប្រទេស ស្របតាមសេចក្តីសម្រេចដែលពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។
ប្រទេសលីប៊ី នៅតែមិនចុះសម្រុងគ្នាផ្នែកនយោបាយក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ បន្ទាប់ពីការផ្តួលរំលំរបបមេដឹកនាំ លោក Muammar Gaddafi កាលពីឆ្នាំ២០១១ ជាមួយនឹងរដ្ឋាភិបាលដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៅទីក្រុងទ្រីប៉ូលី និងរដ្ឋបាលជាគូប្រជែង នៅទីក្រុង Tobruk ភាគខាងកើត។