ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្តរបស់ក្រុម Alfa Romeo, Kimi Raikkonen នឹងអវត្តមានពីការប្រកួត F1 នៅទីលាន Monza ប្រទេសអ៊ីតាលីចុងសប្តាហ៍នេះក្រោយតេស្តវិជ្ជមាន Covid-19។ កីឡាករហ្វាំងឡង់វ័យ ៤១ឆ្នាំរូបនេះក៏បានអវត្តមានពីការប្រកួតនៅហូឡង់ចុងសប្តាហ៍កន្លងទៅដែរ ដោយសារវិជ្ជមាន Covid-19 នេះ។

កីឡាករបម្រុង Robert Kubica ដែលជំនួស Raikkonen នៅទឹកដីហូឡង់នោះ ជាថ្មីម្តងនឹងជំនួសនៅទីលាន Monza ប្រទេសអ៊ីតាលីចុងសប្តាហ៍នេះ។ កីឡាករវ័យ ៤១ឆ្នាំរូបនេះទើបតែបានប្រកាសពីគំរោងចូលនិវត្តន៍របស់ខ្លួន នៅដំណាច់រដូវកាលនេះ។ Kimi Raikkonen គឺជាកីឡាករ F1 ទី៧ ហើយដែលឆ្លង Covid-19 ក្នុងរដូវកាលនេះដោយដំបូងគេគឺកីឡាករម៉ិកស៊ិក Sergio Perez។ Kimi Raikkonen ធ្លាប់បានឈ្នះនៅ F1 សរុប ២១ទីលាន និងមានកំណត់ត្រាប្រកួតបានច្រើនទីលានបំផុតដល់ទៅ ៣៤១ទីលាន។ ចាប់តាំងពីចាប់ផ្តើមអាជីព F1 ប្រកួតទីលានដំបូងនៅឆ្នាំ២០០១ Kimi Raikkonen ធ្លាប់ប្រណាំងឱ្យក្រុមSauber, McLaren, Ferrari, Lotus និងក្រុមបច្ចុប្បន្ន Alfa Romeo៕
អត្ថបទ៖នាង សុភាវុធ