ចៅក្រមទីក្រុងញូវយ៉ក បានបដិសេធជាលើកទីបីក្នុងការដកខ្លួនចេញពីសំណុំរឿងដែលលោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានកាត់ទោសពីបទចោទប្រកាន់ពាក់ព័ន្ធនឹងការបង់ប្រាក់បំបិទមាត់ឱ្យតារាអាសអាភាសម្នាក់ ដោយច្រានចោលការអះអាងរបស់អតីតប្រធានាធិបតីអាមេរិករូបនេះ ពីជម្លោះផលប្រយោជន៍ទាក់ទងនឹងការងារប្រឹក្សានយោបាយរបស់កូនស្រីចៅក្រម។

ដូចដែលធ្លាប់បានធ្វើនៅក្នុងខែមេសា និងនៅក្នុងខែសីហា ឆ្នាំ២០២៣ លោកចៅក្រម ហ័ន មើឆាន (Juan Merchan) បានបដិសេធកាលពីថ្ងៃពុធ (១៤ សីហា) លើសំណើរបស់មេធាវីលោក Trump ដែលថាចៅក្រមរូបនេះគួរតែដកខ្លួនចេញពីបណ្ដឹងដែលពាក់ព័ន្ធនឹងការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងលោក Trump ដែលគ្រោងនឹងត្រូវកាត់ទោសនៅថ្ងៃទី១៨ ខែកញ្ញា។

លោក Merchan បានសរសេរនៅក្នុងសេចក្តីសម្រេចចុះថ្ងៃទី១៣ សីហាថា «ចុងចោទមិនបានផ្តល់អ្វីថ្មីសម្រាប់ឱ្យតុលាការពិចារណានោះទេ។ ក្រុមប្រឹក្សាបានលើកអំណះអំណាងដដែលៗដែលត្រូវបានបដិសេធរួចហើយដោយតុលាការជាន់ខ្ពស់ ហើយការលើកឡើងទាំងនោះសុទ្ធតែមិនពិត និងគ្មានការបញ្ជាក់»។

គណៈវិនិច្ឆ័យ កាលពីខែឧសភា បានសម្រេចឱ្យលោក Trump មានទោសពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មបិទបាំងការបង់ប្រាក់ទៅឱ្យតារាសម្តែងអាសអាភាសម្នាក់ឈ្មោះ ស្តមមី ដានីញែលស៍ (Stormy Daniels) ដើម្បីបញ្ចៀសរឿងអាស្រូវផ្លូវភេទមុនការបោះឆ្នោតនៅអាមេរិកកាលឆ្នាំ២០១៦។ ការក្លែងបន្លំកំណត់ត្រាអាជីវកម្មគឺបទព្រហ្មទណ្ឌដែលផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៤ឆ្នាំ ខណៈការកាត់ទោសផ្សេងទៀតដូចជាការផាកពិន័យជាប្រាក់ ឬការងារសង្គម គឺជារឿងធម្មតាសម្រាប់អ្នកដែលត្រូវបានផ្តន្ទាទោសពីបទព្រហ្មទណ្ឌមួយនេះ៕