គ្រាអាសន្នសហព័ន្ធ ត្រូវបានប្រកាសនៅតំបន់ Belgorod របស់រុស្ស៊ី ជាប់ព្រំដែនជាមួយអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ ។
ក្រុមអាជ្ញាធររុស្ស៊ី បានចាត់ទុកករណីនេះថាជាការវាយប្រហារភេរវកម្ម ស្របពេលដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បន្តប្រតិបត្តិការសឹករបស់ពួកគេនៅតំបន់ជិតខាង Kursk និងបន្តផ្លោងគ្រាប់កាំភ្លើងធំលើតំបន់ Belgorod ។
រយៈពេល ១ថ្ងៃមុន អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បានបំពេញទស្សនកិច្ចទៅកាន់ជម្រកបណ្តោះអាសន្នសម្រាប់អ្នកជម្លៀសខ្លួននៅទីក្រុង Stary Oskol ដែលមានចម្ងាយជាង ១៩០គ.មភាគឦសានព្រំដែនអ៊ុយក្រែន និងមានចម្ងាយប្រហែល ១៤០គ.មពីតំបន់ Belgorod ។
លោក Gladkov បាននិយាយប្រាប់អ្នកជម្លៀសខ្លួនថា លោកមិនបានដឹងនោះទេថាតើពួកគេត្រូវការស្នាក់នៅទីនោះរយៈពេលយូរប៉ុន្មានទៀត ។ លោកថា វាអាចមានរយៈពេលច្រើនថ្ងៃ ឬច្រើនខែ ឬរយៈពេល ១ឆ្នាំ ។
អ្នកស្រី Svetlana Ozerova មកពីស្រុក Grayvoron បានបង្ខំចិត្តស្នាក់នៅក្នុងទីជម្រកបណ្តោះអាសន្ន ២លើករួចហើយ ។ កាលពីចុងឆ្នាំ ២០២៣ អ្នកស្រី បានចំណាយពេល ៦សប្តាហ៍នៅទីនេះ ហើយលើកនេះ ប្រហែល ៦ខែ ។
អ្នកស្រីនិយាយថា អ្នកស្រីចង់ឲ្យសង្រ្គាមមួយនេះ បញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយអ្នកស្រី សង្ឃឹមផងដែរថា វត្តមានរបស់យោធានឹងលែងមានផងដែរ ៕


