មេបញ្ជាការជាន់ខ្ពស់អ៊ុយក្រែន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងគីវ បានបង្កើតការិយាល័យមេបញ្ជាការយោធានៅតំបន់កាន់កាប់ Kursk ជាកន្លែងដែលលោកនិយាយថា កងកម្លាំងរបស់លោកនៅបន្តរុលទៅមុខ ហើយនិងដណ្តើមបានទឹកដីជម្រៅ ១គ.មកន្លះ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
លោកឧត្តមសេនីយ៍ឯក Oleksandr Syrskyi និយាយប្រាប់លោកប្រធានាធិបតី Volodymyr Zelenskiy នៅក្នុងវីដេអូដែលបានចុះផ្សាយដោយមេដឹកនាំអ៊ុយក្រែនរូបនេះថា កងកម្លាំងទីក្រុងគីវ បានរុលចូលជម្រៅ ៣៥គ.មទៅក្នុងតំបន់ Kursk របស់រុស្ស៊ី ចាប់តាំងពីពួកគេចាប់ផ្តើមការវាយប្រហារកាលពីសប្តាហ៍មុន ។
ការវាយប្រហាររបស់ទីក្រុងគីវ ចូលក្នុងទឹកដីរុស្ស៊ីកាលពីសប្តាហ៍មុន បានធ្វើឲ្យទីក្រុងម៉ូស្គូ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
លោក Syrskyi និយាយថា កងកម្លាំងអ៊ុយក្រែន ដណ្តើមទីតាំងឈរជើង ៨២កន្លែង អំឡុងការវាយលុករបស់ពួកគេ និងដណ្តើមទឹកដីបានទំហំ ១,១៥០គ.មក្រឡា ។
លោកបាននិយាយថា លោកបានតែងតាំងលោកឧត្តមសេនីយ៍ទោ Eduard Moskalyov ឲ្យចាត់ចែងការងារបង្កើតការិយាល័យមេបញ្ជាការនៅតំបន់ភាគខាងលិចរុស្ស៊ី កាន់កាប់ដោយទីក្រុងគីវ ៕