ការខឹងសម្បារចំពោះការរំលោភសម្លាប់ដ៏ឃោរឃៅលើគ្រូពេទ្យម្នាក់នៅភាគខាងកើតប្រទេសឥណ្ឌា មិនបានបង្ហាញសញ្ញាថមថយទេនៅថ្ងៃសុក្រ (១៦ សីហា) នេះខណៈដែលក្រុមគ្រូពេទ្យបានអំពាវនាវឱ្យបិទសេវាមន្ទីរពេទ្យដ៏ធំបំផុតក្នុងរយៈពេលថ្មីៗនេះដើម្បីតវ៉ា ហើយបណ្ដាគណបក្សនយោបាយក៏បានត្រៀមលក្ខណៈចេញបាតុកម្មផងដែរ។

គ្រូពេទ្យហាត់ការវ័យ ៣១ឆ្នាំម្នាក់ត្រូវបានរំលោភ និងសម្លាប់កាលពីសប្តាហ៍មុននៅក្នុងមហាវិទ្យាល័យវេជ្ជសាស្ត្រមួយក្នុងទីក្រុង កុលកាតា (Kolkata) ភាគខាងកើត ដែលបង្កឱ្យមានការតវ៉ាទូទាំងប្រទេសក្នុងចំណោមវេជ្ជបណ្ឌិត ហើយបានរម្លឹកឡើងវិញនូវការរំលោភបូក និងសម្លាប់និស្សិតវ័យ ២៣ឆ្នាំម្នាក់នៅលើរថយន្តក្រុងក្នុងទីក្រុង ញូវដេលី (New Delhi) កាលពីឆ្នាំ២០១២។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ សមាគមវេជ្ជសាស្ត្រឥណ្ឌា ដែលជាក្រុមគ្រូពេទ្យដ៏ធំបំផុតរបស់ប្រទេសបាននិយាយថា ខ្លួននឹងអនុវត្តការបិទទូទាំងប្រទេសនៃផ្នែកមន្ទីរពេទ្យភាគច្រើន លើកលែងតែសេវាកម្មសំខាន់ៗសម្រាប់រយៈពេល ២៤ម៉ោងចាប់ពីព្រឹកថ្ងៃសៅរ៍ (១៧ សីហា) ដើម្បីតវ៉ា ដែលនឹងក្លាយជាកូដកម្មដ៏ធំបំផុតក្នុងរយៈពេលយ៉ាងហោចណាស់មួយទសវត្សរ៍។

តារាល្បីៗ និងអ្នកនយោបាយផ្សេងទៀតបានសម្តែងការភ្ញាក់ផ្អើលចំពោះឧក្រិដ្ឋកម្មនេះ ដោយអំពាវនាវឱ្យមានការផ្តន្ទាទោសយ៉ាងតឹងរ៉ឹងចំពោះជនល្មើសនៃឧក្រិដ្ឋកម្មប្រឆាំងនឹងស្ត្រី។ រដ្ឋាភិបាលបាននាំមកនូវការផ្លាស់ប្តូរយ៉ាងទូលំទូលាយចំពោះប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ រួមទាំងការកាត់ទោសកាន់តែតឹងរ៉ឹង បន្ទាប់ពីមានហេតុការណ៍រំលោភបូកនៅទីក្រុងដេលី ប៉ុន្តែប្រជាជននិយាយថា មានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះ ទោះបីជាច្បាប់តឹងរ៉ឹងជាងមុនក៏ដោយ៕