បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀង ដែលអូសបន្លាយតាំងពីយប់ថ្ងៃទី១០ រហូតដល់ព្រឹក១២ ខែកញ្ញា ឆ្នាំ ២០២១ បន្តលិចលង់ផ្ទះសម្បែង និងដំណាំរបស់ប្រជាពលរដ្ឋ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
បញ្ហាទឹកជំនន់នេះ កម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ និងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១១ នៃកងពលតូចថ្មើរជើងលេខ៥១ បានចុះជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ពីផ្ទះ នៅតំបន់ទំនាបជាប់មាត់អូរព្រំដែន និងនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ នៅស្រុកម៉ាឡៃ ។
លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១១ នៃកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងកងទ័ពផ្នែកសឹករងស្រុកម៉ាឡៃ អាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យលិចផ្ទះមួយចំនួន ។
ក្នុងនោះកងកម្លាំងបានជួយដឹកជញ្ជូនសម្ភារៈផ្សេងៗ និងសត្វចិញ្ចឹម ទុកដាក់ទៅកាន់ទីទួលមានសុវត្ថិភាព ក្នុងភូមិថ្មី ឃុំអូរស្រឡៅ ហើយរហូតមកដល់ពេលនេះ មិនទាន់មានពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់ ដល់អាយុជីវិតនោះទេ ៕





