នៅថ្ងៃសុក្រនេះ ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី បានបញ្ចេញរូបភាពវីដេអូឃ្លីបថ្មីនៃការជម្លៀសពលរដ្ឋរុស្ស៊ីចេញពីតំបន់ Kursk និងតំបន់ Belgorod ។
ពួកគេនិយាយថា កុមារជាង ១០០នាក់ មកពីតំបន់ Belgorod បានធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូ រួមទាំងអ្នកជម្លៀសខ្លួនផ្សេងទៀត ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រុស្ស៊ី បានចាប់ផ្តើមជម្លៀសពលរដ្ឋរាប់ពាន់នាក់បន្ថែមទៀត ចេញពីតំបន់ព្រំដែន ក្រោយអ៊ុយក្រែន និយាយថា ពួកគេរុលចូលកាន់តែជ្រៅនៅក្នុងប្រទេសរុស្ស៊ី ដែលជាការវាយលុកដូចផ្លេកបន្ទោរ ដែលមានគោលដៅបង្ខំឲ្យទីក្រុងម៉ូស្គូពន្យឺតការរុលទៅមុខរបស់ពួកគេនៅតាមខ្សែត្រៀមមុខផ្សេងទៀត ។
សូមបញ្ជាក់ថា ទាហានអ៊ុយក្រែនរាប់ពាន់នាក់ បានរុលទៅមុខឆ្លងកាត់ព្រំដែនរុស្ស៊ីនៅព្រឹកថ្ងៃទី ៦ ខែសីហាកន្លងទៅ ចូលទៅក្នុងតំបន់ភាគខាងលិច Kursk របស់រុស្ស៊ី គឺជាសកម្មភាពមួយដែលលោកប្រធានាធិបតី Putinចាប់ទុកថាជាការបង្ករឿងធំ ពីរបបក្រុងគីវ ៕