កងទ័ពអ៊ីស្រាអែល បានបញ្ជាឱ្យប្រជាជននៅតំបន់ភាគខាងត្បូង និងភាគកណ្តាលតំបន់ហ្កាហ្សា ដែលពីមុនត្រូវបានកំណត់ថាជាតំបន់សុវត្ថិភាពមនុស្សធម៌ ឱ្យចាកចេញ កាលពីថ្ងៃសុក្រ ទី១៦ សីហា ដោយបាននិយាយថា ក្រុមហាម៉ាស បានប្រើប្រាស់តំបន់នេះដើម្បីបាញ់កាំភ្លើងត្បាល់ និងគ្រាប់រ៉ូកែតទៅលើអ៊ីស្រាអែល។ អ៊ីស្រាអែល និយាយថា ខិត្តប័ណ្ណព្រមាន និងសារជាអក្សរ ត្រូវបានបញ្ជូនទៅតំបន់ភាគខាងកើតទីក្រុង Deir al-Balah និងតំបន់មួយផ្សេងទៀតនៅភាគខាងជើងទីក្រុង Khan Younis ជាកន្លែងដែលមនុស្សរាប់ម៉ឺននាក់ បានស្វែងរកទីជម្រកគេចចេញពីការប្រយុទ្ធគ្នា នៅក្នុងផ្នែកផ្សេងៗនៃតំបន់ហ្កាហ្សា។
យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការព្រមានជាមុនដល់ជនស៊ីវិល កំពុងត្រូវបានចេញក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល និងដើម្បីឱ្យជនស៊ីវិលភៀសខ្លួនចេញពីតំបន់ប្រយុទ្ធ។ វីដេអូរបស់សារព័ត៌មានរ៉យទ័រ បានបង្ហាញពីក្រុមគ្រួសារជាច្រើន កំពុងចាកចេញពី ទីក្រុង Khan Younis តាមរទេះសេះ រម៉ក និងយានយន្តផ្សេងទៀត ផ្ទុកទៅដោយអីវ៉ាន់ដែលអាចយកទៅតាមបាន។ ដោយអត្ថាធិប្បាយលើបទបញ្ជាជម្លៀសថ្មី ទីភ្នាក់ងារ UNRWA ជាទីភ្នាក់ងារសំខាន់មួយរបស់អង្គការសហប្រជាជាតិប្រចាំតំបន់ហ្កាហ្សា បាននិយាយថា មនុស្សជាច្រើន ស្ថិតក្នុងសុបិនអាក្រក់គ្មានទីបញ្ចប់នៃការស្លាប់ និងការបំផ្លិចបំផ្លាញក្នុងកម្រិតដ៏គួរឱ្យភ្ញាក់ផ្អើល។
យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារតំបន់មួយក្នុងទីក្រុង Khan Younis ពីកន្លែងដែលគ្រាប់រ៉ូកែតត្រូវបានបាញ់ឆ្ពោះទៅកាន់សហគមន៍ Kissufim ដោយបានរកឃើញអាវុធ រួមទាំងមីស៊ីល បាញ់គងលើស្មា និងគ្រឿងផ្ទុះជាច្រើន។
អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា និយាយថា ការវាយប្រហាររបស់យោធាអ៊ីស្រាអែលនៅទូទាំងតំបន់ហ៊ុមព័ទ្ធ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងតិច ១៧ នាក់ កាលពីថ្ងៃសុក្រម្សិលមិញ។ ការព្រមានអំពីការជម្លៀសចុងក្រោយនេះ បានធ្វើឡើង ខណៈអ្នកចរចានៅទីក្រុង Doha បានបញ្ចប់កិច្ចចរចារយៈពេលពីរថ្ងៃ ក្នុងគោលបំណងឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា និងនាំយកចំណាប់ខ្មាំងអ៊ីស្រាអែលនិងបរទេស ទៅលំនៅឋានវិញ។ ពួកគេបាននិយាយថា ការពិភាក្សា នឹងបន្តនៅសប្តាហ៍ក្រោយ។
អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត ពីចេតនាដាក់មូលដ្ឋានក្រុមអ្នកប្រយុទ្ធនៅក្នុងតំបន់ជនស៊ីវិល ជាការចោទប្រកាន់ដែលក្រុមហាម៉ាស បដិសេធ។
