ហែលទឹក៖ សហព័ន្ធកីឡាខ្មែរកីឡាហែលទឹក បានបើកវគ្គបណ្ដុះបណ្ដាលបំពាក់បំប៉នអំពីវិធីសាស្ត្រការពារសាច់ដុំ នៅពេលរងរបួសសាច់ដុំអំឡុងពេលហ្វឹកហាត់ជូនដល់គ្រូបង្វឹក កីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិតាមរយៈប្រព័ន្ធ Zoom កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹក សហការជាមួយអង្គការ JICA ក្រោមការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេសជនជាតិជប៉ុន លោក Jun Yamada ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិកកម្រិតអនុបណ្ឌិត។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការសហព័ន្ធលោក ហែម គិរី។ លោកបានបញ្ជាក់ថា វគ្គនេះផ្ដោតសំខាន់លើ ៣ចំណុច ទី១-ការថែទាំបញ្ហាសាច់ដុំរបស់ក្រុមកីឡាហែលទឹកកម្រិតខ្ពស់ ទី២-ការចៀសវាងនូវការបង្ករបួស្នាម ឬបញ្ហាឈឺចាប់អំឡុងពេលហ្វឹកហាត់ និងទី៣-នៅពេលកីឡាករ-កីឡាការិនីមានបញ្ហា តើត្រូវព្យាបាលយ៉ាងម៉េចដើម្បីកាត់បន្ថយការឈឺចាប់ និងមិនប៉ះពាល់សាច់ដុំ?

លោក ហែម គិរី បានបញ្ជាក់ថា វគ្គនេះដែរពិតជាផ្នែកមួយដ៏សំខាន់ដែលអ្នកកីឡាត្រូវស្វែងយល់ ពិសេសកីឡាករ-កីឡាការិនីជំនាញដែលតែងប្រើប្រាស់កម្លាំង និងការហ្វឹកហាត់ខ្លាំង ធ្វើឲ្យងាយរងផលប៉ះពាល់ពិសេសផ្នែកសាច់ដុំ។ ហេតុនេះកីឡាករ-កីឡាការិនីត្រូវមានចំណេះដឹងបន្ថែម ដើម្បីងាយស្រួលព្យាបាលនៅពេលជួបបញ្ហាបែបនេះ៕
អត្ថបទ៖ លី ឈុនឡា