ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) បាននិងកំពុងកើនឡើងនៅទូទាំងប្រទេសស៊ូដង់ ទោះបីកិច្ចចរចាសន្តិភាពកំពុងបន្តនៅទីក្រុងហ្សឺណែវ ដោយដាក់ការខិតខំប្រឹងប្រែងដោះស្រាយនយោបាយដែលនៅជាប់គាំងក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ក្រុមអ្នកស្ម័គ្រចិត្ត Sinnar Youth Gathering បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៨០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយ RSF ទៅលើភូមិមួយក្នុងរដ្ឋ Sinnar នៅភាគអាគ្នេយ៍ប្រទេសស៊ូដង់។
កិច្ចចរចាសន្តិភាពនៅទីក្រុងហ្សឺណែវបានចាប់ផ្តើមកាលពីថ្ងៃពុធក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានបទឈប់បាញ់នៅទូទាំងប្រទេស និងសម្រួលដល់សកម្មភាពមនុស្សធម៌។ ប៉ុន្តែមានតែ RSF ប៉ុណ្ណោះដែលបានចូលរួមក្នុងកិច្ចពិភាក្សា ខណៈ SAF បដិសេធមិនចូលរួម ដោយលើកឡើងពីកង្វល់ទាក់ទងនឹងរបៀបវារៈ និងអ្នកចូលរួមការចរចា។
លោក Abdul-Raziq Ziyada អ្នកវិភាគនយោបាយស៊ូដង់បានប្រាប់សារព័ត៌មានស៊ីនហួថា សេចក្តីប្រកាសនៃការចរចានៅទីក្រុងហ្សឺណែវបានផ្តល់នូវក្តីសង្ឃឹមសម្រាប់ការបញ្ចប់សង្រ្គាមនៅក្នុងប្រទេសស៊ូដង់ ប៉ុន្តែក្តីសង្ឃឹមបានរសាត់បាត់ បន្ទាប់ពីរដ្ឋាភិបាលស៊ូដង់បដិសេធមិនចូលរួម៕

