ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យ (១៨ សីហា) ថា អ៊ីស្រាអែលកំពុងដំណើរការ «ការស៊ើបអង្កេតដ៏រឹងមាំមួយ» លើជនសង្ស័យដែលត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើអ្នកទោសប៉ាឡេស្ទីន ហើយបានប្តេជ្ញាចិត្តរក្សាស្តង់ដារច្បាប់អន្តរជាតិទាក់ទងនឹងការប្រព្រឹត្តចំពោះអ្នកជាប់ឃុំ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកលើការធ្វើទារុណកម្មកាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានថ្កោលទោសចំពោះអ្វីដែលខ្លួនហៅថាជាករណី «ដ៏រន្ធត់» នៃការរំលោភបំពានផ្លូវភេទលើអ្នកទោសប៉ាឡេស្ទីនដោយទាហានអ៊ីស្រាអែល ហើយបាននិយាយថា ជនល្មើសត្រូវតែទទួលខុសត្រូវ។

កាលពីថ្ងៃអង្គារ សប្ដាហ៍មុន យោធាអ៊ីស្រាអែលបាននិយាយថា រដ្ឋអាជ្ញាបានស្នើសុំឱ្យទាហានដែលត្រូវបានចោទលើករណីរំលោភបំពាននោះ ស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ ដែលនឹងបន្តដល់ថ្ងៃព្រហស្បតិ៍ (២២ សីហា) សប្ដាហ៍នេះដើម្បីស៊ើបអង្កេត។
សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឱ្យដឹងថា ទាហានទាំងនោះត្រូវបានចោទប្រកាន់ពីបទបំពានផ្លូវភេទលើសមាជិកនៃអង្គភាពសម្រាំង ហាម៉ាស នៅកន្លែងឃុំឃាំង ស្ដេ តៃមែន (Sde Teiman) តំបន់វាលខ្សាច់ ណេហ្កេវ (Negev) នៅភាគខាងត្បូងអ៊ីស្រាអែល។

អង្គការសហប្រជាជាតិនិយាយថា ខ្លួនបានទទួលរបាយការណ៍ជាច្រើនដែលចោទប្រកាន់ថាមានការធ្វើទារុណកម្មលើជនជាតិប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួនចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មកនៅពេលដែលពួកសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស បានវាយលុកអ៊ីស្រាអែល ក្នុងការវាយប្រហាដ៏រន្ធត់មួយដែលបានសម្លាប់មនុស្សជិត ១.២០០នាក់៕