នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) កាលពីថ្ងៃអាទិត្យ (១៨ សីហា) បានប្តេជ្ញាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងបម្រើពលរដ្ឋគ្រប់រូប «ដោយស្មើភាពគ្នា» ហើយថាលោកស្រីនឹងស្នើសុំដំបូន្មានមួយចំនួនពីឪពុករបស់ខ្លួន គឺលោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ បន្ទាប់ពីត្រូវបានព្រះមហាក្សត្ររាជាអនុម័តតែងតាំងជាមេដឹកនាំក្មេងបំផុតរបស់ប្រទេស និងបានចូលកាន់តំណែងជាផ្លូវការ។

នៅក្នុងសន្និសីទសារព័ត៌មានដំបូងរបស់ខ្លួនក្នុងនាមជានាយករដ្ឋមន្ត្រីទី៣១ របស់ថៃ លោកស្រី Paetongtarn បាននិយាយថា លោកស្រីនឹងបន្តគោលនយោបាយទាំងអស់របស់អ្នកកាន់តំណែងពីមុន និងជាសម្ព័ន្ធមិត្តរបស់ខ្លួន គឺលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) រួមទាំងការជំរុញសេដ្ឋកិច្ច និងកំណែទម្រង់ «សំខាន់ៗ» ការដោះស្រាយគ្រឿងញៀនខុសច្បាប់ ការកែលម្អប្រព័ន្ធថែទាំសុខភាពរបស់ប្រទេស លើកកម្ពស់ជីវភាពរស់នៅ និងភាពចម្រុះនៃយេនឌ័រ។

លោកស្រី Paetongtarn បានបន្តថា រដ្ឋាភិបាលនឹងមិនបោះបង់ចោលគោលនយោបាយឌីជីថលដ៏លេចធ្លោរបស់ខ្លួននោះទេ ប៉ុន្តែនឹងព្យាយាម «សិក្សា និងទទួលស្តាប់ជម្រើសបន្ថែមទៀត» ដើម្បីប្រាកដថាគម្រោងនេះមានទំនួលខុសត្រូវផ្នែកសារពើពន្ធ ដោយបន្ថែមថាខ្លួនទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការបន្ថែមរវាងថៃ និងចិន។ នាយករដ្ឋមន្ត្រីវ័យ ៣៧ឆ្នាំរូបនេះបានបញ្ជាក់បន្ទាប់ពីចូលកាន់តំណែងជាផ្លូវការថា សេចក្តីលម្អិតនៃគោលនយោបាយរដ្ឋាភិបាលរបស់លោកស្រីនឹងត្រូវបង្ហាញទៅសភានៅខែក្រោយនេះ៕
