ការរកឃើញដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ (១៦ សីហា) សប្ដាហ៍មុន ដោយអង្គការមិនរកប្រាក់ចំណេញស្ដីពីសុវត្ថិភាពកាំភ្លើងក្នុងសហគមន៍ (EGS) និងទិន្នន័យពីការបាញ់ប្រហារតាមសាលារៀន (K-12 School) បានបង្ហាញថា មានការកើនឡើង ៣១ភាគរយនៅក្នុងការបាញ់ប្រហារក្នុងសាលារៀននៅសហរដ្ឋអាមេរិក កំឡុងឆ្នាំសិក្សា២០២៣-២០២៤ បើប្រៀបធៀបទៅនឹងតួលេខកាលពីឆ្នាំមុននោះ។

ការសិក្សានេះបានរកឃើញថា ឆ្នាំ២០២៣-២៤ មានចំនួនឧប្បត្តិហេតុខ្ពស់បំផុតទីពីរចាប់តាំងពីទីភ្នាក់ងារ EGS បានចាប់ផ្តើមតាមដានអំពើហិង្សាដោយកាំភ្លើងនៅតាមសាលារៀនជាងមួយទសវត្សរ៍មុនមក។ ឆ្នាំសិក្សា២០២១-២០២២ នៅពេលដែលក្មេងៗបានត្រឡប់ទៅសាលារៀនវិញជាលើកដំបូងបន្ទាប់ពីការបិទខ្ទប់ដោយសារជំងឺរាតត្បាតកូវីដ១៩ មានឧប្បត្តិហេតុហិង្សាដោយកាំភ្លើងខ្ពស់បំផុតទីមួយក្នុងបរិវេណសាលា។

ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយស្តីពីការបាញ់ប្រហារនៅសាលារៀនអាមេរិក ហើយបានរកឃើញថាមានឧប្បត្តិហេតុយ៉ាងតិច ១៤៤ករណីនៃហិង្សាដោយកាំភ្លើងកាលពីឆ្នាំមុន ដែលត្រូវបានកត់ត្រានៅពេលណាដែលកាំភ្លើងបានបាញ់ចេញពីបរិវេណសាលារៀន។ ហិង្សាទាំងនោះបានបណ្តាលឱ្យមនុស្សស្លាប់ ៣៦នាក់ និងរបួស ៨៧នាក់ក្នុងឆ្នាំ២០២៣។

លោក ដេវីត រ៉េដមែន (David Riedman) អ្នកស្រាវជ្រាវលើគម្រោងនេះ និងជាអ្នកបង្កើតមូលដ្ឋានទិន្នន័យការបាញ់ប្រហារតាមសាលារៀន K-12 School បានសន្មតថា កំណើននេះដោយសារតែ «ភាពងាយស្រួលនៃការប្រើប្រាស់អាវុធ» និងកង្វះវិធានការសុវត្ថិភាពនៅសាលារៀន ព្រមទាំងវិបត្តិសុខភាពផ្លូវចិត្តក្នុងចំណោមយុវវ័យ៕