រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយថា រដ្ឋាភិបាលកេនយ៉ានឹងធ្វើឲ្យមានដំណើរការឡើងវិញនូវវិធានការពន្ធមួយចំនួនដែលខ្លួនបានលុបចោល បន្ទាប់ពីមានការតវ៉ាដែលបណ្ដាលឲ្យមានអ្នកស្លាប់ កាលពីខែមិថុនា ដោយការសម្រេចបែបនេះបង្កើនហានិភ័យនៃការកើតមានភាពចលាចលបន្ថែមទៀត។
លោក John Mbadi បានប្រាប់ទូរទស្សន៍ Citizen TV នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយ កាលពីយប់ថ្ងៃអាទិត្យ (ទី១៨ ខែសីហា) ថា វិធានការមួយចំនួននឹងត្រូវបានកែសម្រួល ហើយមិនមែនទាំងអស់សុទ្ធតែត្រូវបានធ្វើឲ្យដំណើរការឡើងវិញនោះទេ ប៉ុន្តែវិធានការទាំងនោះចាំបាច់ត្រូវគ្របដណ្ដប់លើការចំណាយ ដែលរួមទាំងប្រាក់បៀវត្សរ៍ សម្រាប់គ្រូបង្រៀនផងដែរ។
មនុស្សមួយចំនួនដែលបានចូលរួមនៅក្នុងចលនាតវ៉ាដឹកនាំដោយយុវជន ពោលគឺជាការតវ៉ា ដែលបានអង្រួនប្រទេសអាហ្វ្រិកខាងកើតមួយនេះ បាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីត្រឡប់ទៅតាមដងផ្លូវវិញ បន្ទាប់ពីមានការប្រកាសរបស់រដ្ឋមន្ត្រីនេះ។
គួរបញ្ជាក់ថា លោកប្រធានាធិបតី William Ruto បានលុបចោលសេចក្ដីស្នើច្បាប់ហិរញ្ញវត្ថុ សម្រាប់ឆ្នាំសារពើពន្ធ នៅថ្ងៃទី២៦ ខែមិថុនា ហើយក្រោយមកបានដកតំណែងភាគច្រើន ក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក ដោយការធ្វើបែបនោះ គឺជាការព្រមតាមការដាក់សម្ពាធរបស់ក្រុមបាតុករដែលបានសម្រុកចូលសភា និងចាប់ផ្តើមធ្វើបាតុកម្មនៅទូទាំងប្រទេស៕