ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) បានរាយការណ៍ដោយដកស្រង់ពីយោធាកូរ៉េខាងត្បូងថា ទាហានកូរ៉េខាងជើងម្នាក់បានរត់ភៀសខ្លួនចូលទៅក្នុងកូរ៉េខាងត្បូង នៅព្រឹកថ្ងៃអង្គារ (២០ សីហា) នេះដោយឆ្លងកាត់ព្រំដែនយោធានៅភាគខាងកើតនៃឧបទ្វីបកូរ៉េ។

ទីភ្នាក់ងារព័ត៌មានបាននិយាយថា ទាហានរូបនេះបានឆ្លងចូលទៅក្នុងតំបន់ ហ្គូសុង (Goseong) នៅឆ្នេរសមុទ្រភាគខាងកើតដែលមានព្រំប្រទល់ជាប់នឹងប្រទេសកូរ៉េខាងជើង ហើយត្រូវបានចាប់ខ្លួនដោយឆ្មាំល្បាតរបស់កូរ៉េខាងត្បូង និងកំពុងតែតាមដានសម្មភាពរបស់ទាហាននោះ។

មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា យោធាបានចាប់ខ្លួនមនុស្សម្នាក់ ដែលត្រូវបានគេជឿថាជាជនជាតិកូរ៉េខាងជើង នៅតំបន់ជួរមុខភាគខាងកើត ហើយអាជ្ញាធរកំពុងសាកសួរពីហេតុផលសម្រាប់ការឆ្លងចូលនេះ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។

គួររម្លឹកថា អ្នកស្រុកកូរ៉េខាងជើងម្នាក់ក៏បានរត់ភៀសខ្លួនចូលទៅកូរ៉េខាងត្បូងកាលពីដើមខែនេះនៅឯតំបន់ឆ្នេរសមុទ្រភាគខាងលិច។ ការរត់ភៀសខ្លួនគេចចេញពីកូរ៉េខាងជើងឆ្លងព្រំដែនត្រូវបានចាត់ទុកថាជារឿងគ្រោះថ្នាក់ខ្លាំង និងកម្រ ហើយជនភៀសខ្លួនភាគច្រើនជ្រើសយកការធ្វើដំណើរទៅកាន់កូរ៉េខាងត្បូងតាមរយៈប្រទេសចិន ឬប្រទេសទីបីផ្សេងទៀត ព្រោះការភៀសខ្លួនដោយត្រង់ទៅកូរ៉េខាងត្បូង ជារឿងប្រថុយប្រថានបំផុត៕